លោក អ៊ីវ៉ាយ៉ា តាកេស៊ី រដ្ឋមន្ត្រីការបរទេសជប៉ុន បានសន្ទនាតាមទូរស័ព្ទជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដានេះ វេលាម៉ោង ២:២០នាទីរសៀល(ម៉ោងនៅប្រទេសជប៉ុន) ប្រមាណជា ២៥នាទី។ លោករដ្ឋមន្ត្រី អ៊ីវ៉ាយ៉ា បានបង្ហាញកង្វល់យ៉ាងខ្លាំងរបស់ប្រទេសជប៉ុន ចំពោះការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃដែលកំពុងកើតឡើង។
លោករដ្ឋមន្ត្រីការបរទេសជប៉ុន បានអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ អនុវត្តការអត់ធ្មត់ជាអតិបរមា និងបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្ធូរបន្ថយ ដោយសន្តិវិធីតាមរយៈការសន្ទនា។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានពន្យល់ពីគោលជំហររបស់កម្ពុជានិងបង្ហាញពីបំណងក្នុងការដោះស្រាយស្ថានការណ៍ឱ្យវិលទៅរកភាពប្រក្រតីឡើងវិញឱ្យបានឆាប់៕