ថៃ៖ ថៃ ដែលជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៥ កំពុងពិចារណាហាមឃាត់កម្ពុជា មិនឱ្យចូលរួម ដោយសារប្រទេសទាំងពីរនៅតែជាប់គាំងក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែន។ នេះបើតាមប្រសាសន៍ លោក Sorawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ក្នុងការចុះផ្សាយរបស់សារព័ត៌មានថៃ។
យោងតាមគេទំព័រសារព័ត៌មានថៃ Thai PBS World បានឱ្យដឹងថា លោក Sorawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា បានគូសបញ្ជាក់ថា អាជ្ញាធរថៃនឹងចាំបាច់ត្រូវពិភាក្សាអំពីការចូលរួមរបស់កម្ពុជានៅក្នុងការប្រកួតដែលគ្រោងធ្វើនៅខែធ្នូនេះ។
បើតាមប្រភពដដែល លោកបានបន្តថា “ខ្ញុំព្រួយបារម្ភអំពីអំពើហិង្សាដែលកើនឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងប្រទេសថៃ និងកម្ពុជា។ វាអាចប៉ះពាល់ដល់តួនាទីរបស់ប្រទេសថៃក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ជាពិសេសទាក់ទងនឹងសុវត្ថិភាពរបស់អត្តពលិកកម្ពុជាក្នុងព្រឹត្តិការណ៍នេះ”។
ដោយមើលឃើញពីភាពតានតឹងនាពេលនេះ លោកគិតថា មានលទ្ធភាពខ្លាំងដែលកម្ពុជាអាចដកខ្លួន ឬត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងស៊ីហ្គេមឆ្នាំ ២០២៥ ដែលគ្រោងនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ៩ ដល់ ២០ ខែ ធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ៕