ភ្នំពេញ៖ លោក Anouar El Anouni អ្នកនាំពាក្យសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃភាពតានតឹងនៅតាមព្រំដែន គួបផ្សំជាមួយនឹងរបាយការណ៍អំពីជនរងគ្រោះ និងជនស៊ីវិល ដែលរងគ្រោះតាំងពីព្រឹកថ្ងៃទី ២៤ កក្កដា ២០២៥ រហូតមកដល់ពេលនេះ។
យោងតាមគេហទំព័រសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា នាព្រឹកថ្ងៃទី ២៥ កក្កដា នេះ បានឱ្យដឹងថា លោក Anouar El Anouni អ្នកនាំពាក្យសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានបង្ហោះសារក្នុងបណ្តាញសង្គមផ្លូវការរបស់ខ្លួន ដើម្បីអំពាវនាវឱ្យភាគីកម្ពុជានិងថៃបន្ធូរបន្ថយ និងដោះស្រាយជម្លោះតាមរយៈការសន្ទនា និងមធ្យោបាយសន្តិភាពផ្សេងទៀត ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ៕