ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី ២៤ កក្កដានេះ បានប្រកាសសម្តែងពីក្តីបារម្ភជុំវិញការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា និង ថៃ ក្រោយពីថៃបើកការវាយប្រហារលើប្រទេសកម្ពុជាមុន។ចិនជំរុញឱ្យកម្ពុជា-ថៃចរចាដោះស្រាយបញ្ហាសន្តិវិធី ការរស់នៅជាសុខដុមរមនាក្នុងនាមជាប្រទេសជិតខាងល្អ។
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Guo Jia kun អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតអំពីជម្លោះរវាងកម្ពុជា និងថៃនៅតាមតំបន់ព្រំដែន នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃនេះ។លោកថាថៃ និងកម្ពុជា គឺសុទ្ធតែជាប្រទេសជិតខាងដែលមានមិត្តភាពល្អជាមួយចិន ហើយក៏ជាសមាជិកសំខាន់នៃអាស៊ានផងដែរ។ ការរស់នៅជាសុខដុមរមនាក្នុងនាមជាប្រទេសជិតខាងល្អ និង ការដោះស្រាយជម្លោះដោយសន្តិវិធី គឺស្របនឹងផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងរបស់ភាគីទាំងពីរ។
មន្ត្រីអ្នកនាំពាក្យរូបនេះ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍនៃស្ថានភាពបច្ចុប្បន្ន ហើយសង្ឃឹមថាភាគីទាំងពីរនឹងដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចាស្រុះស្រួលគ្នា។ ដោយផ្តើមចេញពីផលប្រយោជន៍ និង តម្រូវការរួមគ្នារបស់ប្រទេសក្នុងតំបន់ ភាគីចិនប្រកាន់យកជំហរដោយយុត្តិធម៌ និង អព្យាក្រឹត្យ ហើយបាន នឹងបន្តធ្វើការងារតាមវិធីសាស្ត្ររបស់ខ្លួនក្នុងការជម្រុញអោយមានការចរចា ដោយដើរតួនាទីក្នុងន័យស្ថាបនា ដើម្បីបន្ធូរបន្ថយស្ថានការណ៍ និង ធ្វើអោយស្ថានការណ៍តានតឹងចុះត្រជាក់វិញ៕