ភ្នំពេញ៖ក្រុមមន្ត្រីជំនាញមកពីក្រសួងមហាផ្ទៃ និង ក្រសួងយុត្តិធម៌ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្តើមរៀបចំកិច្ចប្រជុំពិភាក្សាអំពីសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ។កិច្ចប្រជុំនេះ ធ្វើឡើងក្រោយពីព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី ១៥ កក្កដានេះ បានចេញព្រះរាជក្រមដាក់ឱ្យប្រើប្រាស់ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធដកសញ្ជាតិខ្មែរ។
កិច្ចប្រជុំរៀបចំឡើងដោយមានមានការចូលរួមដោយផ្ទាល់ពី លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង មានការចូលរួមពីមន្ត្រីជំនាញជាច្រើនរូបទៀត។
ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ ត្រូវបានប្រកាសឱ្យប្រើបន្ទាប់ពីរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ហើយ ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។
ខ្លឹមសារសេចក្តីទាំងស្រុង គឺប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយ ឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិ ត្រូវ កំណត់ក្នុងច្បាប់»
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងនាមជារាជរដ្ឋាភិបាលកម្ពុជា បានថ្លែងការពារសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ៣៣ គឺរៀបចំឡើងក្នុងគោលបំណងបន្សតទឹកចិត្តស្នេហាជាតិមាតុភូមិកម្ពុជា និងរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាជាប្រចាំត្រូវតែស្រឡាញ់ជាតិកម្ពុជា បណ្តុះស្មារតីស្រឡាញ់ជាតិ និង ទប់ស្តាត់ពលរដ្ឋខ្មែរណាដែលក្បត់ជាតិ និង ចូលដៃជាមួយបរទេសបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង។
លោក កើត រិទ្ធ ក្នុងនាមជារាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអរគុណចំពោះសមាជិកសភាទាំងអស់ដែលបានបោះឆ្នោតគាំទ្រលើច្បាប់នេះ។លោកថា កម្ពុជា គឺជាប្រទេសក្រោយគេដែលទើបមានច្បាប់នេះ ខណៈប្រទេសជាច្រើនលើពិភពលោកមានច្បាប់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ក្នុងនោះមានជាអាទិ៍៖ អាម៉េរិក បារាំង អ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ អូទ្រីស អូស្ត្រាលី ហូឡង់ កូរ៉េខាងត្បូង ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា វៀតណាម ជាដើម៕