ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសឡាវ លោក ថង សាវណ្ណ ភុមវិហាន (Thongsavanh PHOMVIHANE) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា។
ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោក ថងសាវណ្ណ ភុមវិហាន នឹងមានព្រះរាជសវនាការ ជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក ជាម យៀប ប្រធានរដ្ឋសភាស្តីទី។ រដ្ឋមន្ត្រីការបរទេសឡាវ ក៏នឹងមានជំនួបទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកម្ពុជា-ឡាវ។
ដំណើរទស្សនកិច្ចផ្លូវការនាពេលខាងមុខនេះ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការធ្វើឱ្យ កាន់តែស៊ីជម្រៅនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងប្រជាជនទាំងពីរ៕