681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន ម៉ាណែត ប្រាប់ថៃថាវិធីសាស្រ្ត«បៀមឈាម»ព្រួសដាក់អ្នកដទៃមិនអាចសាងនូវទំនុកចិត្តរវាងគ្នានិងគ្នាបានទេ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ២២ កក្កដានេះ បានចេញសារមួយតបទៅការ ចោទប្រកាន់ដោយគ្មានមូលដ្ឋានពីថៃមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីន ព្រមទាំងបានធ្វើការគម្រាមដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ រួមមានតំបន់មុំបី និងប្រាសាទតាមាន់ធំ ។ល។ក្នុងសារនោះ សម្តេច ហ៊ុន ម៉ាណែត ប្រាប់ថៃថាវិធីសាស្រ្ត«បៀមឈាម»ព្រួសដាក់អ្នកដទៃមិនអាចសាងនូវទំនុកចិត្តរវាងគ្នានិងគ្នាបានទេ។

មិនឆ្លើយតបបន្ថែមលើសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជា និង ក្រសួងការបរទេស សម្តេច ហ៊ុន ម៉ាណែត បានផ្ញើសារខ្លីប៉ុន្មានចំណុច ដើម្បីរំលឹកទៅភាគីថៃពាក់ព័ន្ធបញ្ហាវិវាទព្រំដែនដែលមិនទាន់ដោះស្រាយហើយចំនួន៥ចំណុច ក្នុងនោះមានជាអាទិ៍៖ តំបន់ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិធ្វើសកម្មភាពឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ឬទីកន្លែងនោះ។ រាល់វិធានការនានាដែលអាចអនុវត្តបាន ត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន។

បើតាមសម្តេច បន្ទាត់ក្រហមនៅតែជាបន្ទាត់ក្រហម មិនមានការប្រែប្រួលទេ។ សូមកុំបំពាន។កម្ពុជាមិនរំលោភបំពានលើអ្នកណាទេ ប៉ុន្តែកម្ពុជាក៏មិនឲ្យអ្នកណាមួយរំលោភបំពានលើខ្លួននោះដែរ។ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់និងបានត្រៀមខ្លួនជាស្រេចក្នុងការការពារខ្លួននិងការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ប្រឆាំងនឹងការរំលោភបំពាន។

សម្តេច ហ៊ុន ម៉ាណែត បានហៅសម្មភាពរបស់ថៃ គឺវិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ មិនមែនជាវិធីសាស្រ្តដែលមានសីលធម៌និងសុច្ចរិតភាពនោះទេ។ វិធីសាស្ត្របែបនេះមិនត្រូវប្រើទេ បើយើងពិតជាចង់កសាងនូវទំនុកចិត្តរវាងគ្នានិងគ្នា។ កម្ពុជានៅតែរក្សាជំហរក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ ដោយមធ្យោបាយអហឹង្សា ឲ្យបានឆាប់រហ័ស ប្រកបដោយភាពច្បាស់លាស់និងចីរភាព៕

Khcct banner

អត្ថបទទាក់ទង