ភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅយប់ថ្ងៃទី ២១ កក្កដានេះ បានចេញសេចក្តីថ្លែងការណ៍បដិសេធការចោទប្រកាន់របស់ថៃថា «កម្ពុជាប្រើប្រាស់មីនប្រឆាំងមនុស្ស»។សម្រាប់កម្ពុជាចាត់ទុកការចោទនេះ ធ្វើឡើងដោយគ្មានមូលដ្ឋាន និង គ្មានភស្តុតាងច្បាស់លាស់ ហើយកម្ពុជាជំរុញឱ្យថៃបញ្ឈប់ការបំភ័ន្តមតិជាតិ និងអន្តរជាតិ ហើយត្រូវចូលខ្លួនទៅដោះស្រាយនៅ តុលាការយុត្តិធម៌អន្តរជាតិ ICJ និងកិច្ចព្រមព្រៀងនានាដែលថៃចុះរួមគ្នាកន្លងមក។
យោងតាមសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសកម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការនូវរាល់ការលើកឡើងថាកម្ពុជារំលោភបំពានចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាទីក្រុងអូតាវ៉ា។សម្រាប់ក្រសួងកម្ពុជាបានខិតខិតប្រឹងប្រែងជាប្រចាំ និង សមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងសកម្មភាពកម្ចាត់មីន ហើយត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់យ៉ាងទូលំទូលាយ។បន្ថែមពីការដោះមីនក្នុងប្រទេស កម្ពុជាថែមទាន់បញ្ជូនមន្ត្រីដើម្បីរួមចំណែកក្នុងសកម្មភាពកម្ចាត់មីនរបស់អង្គការសហប្រជាជាតិតាមប្រទេសនានាផងដែរ។
ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រសួងអះអាងថា គឺស្ថិតក្នុងដែនដីរបស់ប្រទេសកម្ពុជា ហើយមានការទទួលស្គាល់តាមច្បាប់អន្តរជាតិ និងផ្អែកតាមអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០(MOU-2000) ផ្អែកតាមផែនទីមាត្រដ្ឋាន១/២០០.០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។