
ភ្នំពេញ៖លោក ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យ បានឈ្នះលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីទី៤៦របស់អាមេរិក។អ្នកជំនាញអន្តរជាតិ មើលឃើញថា ទោះ Joe Biden បានឈ្នះឆ្នោតជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ក៏ទំនាក់ទំនងនយោបាយការបរទេសរវាងកម្ពុជា និងអាមេរិក មិនមានភាពប្រែប្រួលឡើយ។
ក្នុងបទម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ទំនាក់ទំនងកម្ពុជា-អាមេរិក ទោះស្ថិតក្នុងរដ្ឋបាលរបស់ Joe Biden ឬDonal Trump (ស្ថិតក្នុងគណបក្សប្រជាធិបតីក្តី ឬគណបក្សសាធារណរដ្ឋក្តី) គឺមិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់ទេ។មិនប្រែប្រួលដោយលោកបណ្ឌិតយល់ថា សហរដ្ឋអាមេរិកមិនមានជាគោលនយោបាយការបរទេសរបស់ខ្លួនជាក់លាក់សម្រាប់កម្ពុជាទេ ពោលសហរដ្ឋអាមេរិកនៅតែយល់ថាកម្ពុជាជាប្រទេសតូច ដែលត្រូវអនុវត្តតាមក្របខ័ណ្ឌគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះអាស៊ានទាំងមូល។
បើតាមលោកបណ្ឌិត គិន ភា ក្នុងកំឡុងរដ្ឋការបស់លោក Trump សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា ជាប្រទេសមួយដែលមានភាពអាត្មានិយម ដោយសារការដកខ្លួនពីយន្តការអន្តរជាតិជាច្រើន គឺស្ទើរតែបំភ្លេចចោលនូវគោលការភាគីនិយម ការមានជម្លោះជាមួយដៃគូរជាសម្ព័ន្ធមិត្តរបស់ខ្លួន ហើយចំពោះអាស៊ានវិញ ដូណាល់ ត្រាំ ហាក់ដូចជាមិនសូវយកចិត្តទុកដាក់ច្រើនទេ។
ចំណែក លោក Joe Biden អ្នកជំនាញនយោបាយការបរទេសរូបនេះ សង្ឃឹមថាក្រោយបានចូលកាន់អំណាចជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក នយោបាយការបរទេសនឹងមានការផ្លាស់ប្តូរពីភាពជម្រូងជម្រាស មកជាការសម្របសម្រួល ហើយជឿជាក់ថាលោក Biden នឹងជួសជុសទំនាក់ទំនងដែលប្រេះឆារវាងសហរដ្ឋអាមេរិក និងដៃគូសម្ព័ន្ធមិត្តបានយ៉ាងល្អ ជាពិសេសគឺការងាកមកមើលដៃគូសម្ព័ន្ធមិត្តជាមួយអាស៊ីសគ្នេយ៍បានកាន់តែល្អប្រសើរជាងមុន។
ដោយឡែកសម្រាប់កម្ពុជា លោកបណ្ឌិត គិន ភា ប្រទេសកម្ពុជាគឺតែងតែចង់បាននូវគោលនយោបាយមួយដែលល្អជាមួយដៃគូជាសម្ព័ន្ធមិត្តរបស់ខ្លួន មិនថាជាមួយអាមេរិកឬតាមបណ្តាប្រទេសនានា ដើម្បីធ្វើឱ្យប្រទេសមានផលប្រយោជន៍សន្តិសុខ នយោបាយ និងការការងារផ្សេងៗទៀតសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។
គួរបញ្ជាក់ថា ក្នុងសំឡេងអង្គបោះឆ្នោត២៩០ទល់នឹ២១៤ លោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យ បានឈ្នះលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីទី៤៦របស់អាមេរិក។ ការជាប់ឆ្នោតជាប្រធានាធិបតីរបស់លោក ចូ បៃដិន បានធ្វើឲ្យសហរដ្ឋអាមេរិក មានអនុប្រធានាធិបតីជាស្ដ្រីអាមេរិកស្បែកខ្មៅជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ហើយក្រុមអ្នកជំនាញជុំវិញពិភពលោកកំពុងរង់ចាំមើលពីផ្លែផ្កានៃទំនាក់ទំនងអន្តរជាតិក្រោយការដឹកនាំរបស់រដ្ឋកាលោក Joe Biden៕