មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទូរទស្សន៍រដ្ឋក្នុងឃ្លីបមួយ ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី២០ ខែកក្កដា ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្ពោះទៅរកដំណោះស្រាយសន្តិភាពជាមួយអ៊ុយក្រែន ប៉ុន្តែគោលបំណងសំខាន់របស់លោកប្រធានាធិបតី គឺសម្រេចបាននូវគោលដៅរបស់ខ្លួនឲ្យបានជោគជ័យតាមការគ្រោងទុកសិន។ ការប្រកាសរបស់អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះធ្វើឡើងបន្ទាប់ពីមេដឹកនាំអ៊ុយក្រែនលោក ហ្សេលែនស្គី ស្នើសុំការចរចាបញ្ចប់សង្រ្គាមនៅជុំទី៣អង្គុយជជែកទល់មុខជាមួយលោកពូទីន។
បើតាមលោក Dmitry Peskov លោកប្រធានាធិបតីពូទីនបានបញ្ជាក់ម្តងទៀតហើយអំពីបំណងប្រាថ្នារបស់លោកក្នុងការនាំយកដំណោះស្រាយបញ្ហាអ៊ុយក្រែន និងស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរ តែរឿងសំខាន់ដែលលោកត្រូវតែធ្វើនោះគឺសម្រេចជោគជ័យប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីជាមុនសិន។
គួរកត់សម្គាល់ថាកាលពីប៉ុន្មានថ្ងៃមុននេះប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំបានធ្វើការព្រមានជាថ្មីចំៗមិនសំចៃមាត់ទៅកាន់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដោយលោកទុកពេលឲ្យរុស្ស៊ី ៥០ ថ្ងៃក្នុងការស្វែងរកផ្លូវចរចាបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន បើមិនដូចច្នេះទេលោកនឹងដាក់ពន្ធ ១០០% លើប្រទេសរុស្ស៊ី។
ក្នុងបទសម្ភាស៍ជាមួយអ្នកសារព័ត៌មាននៅការិយាល័យលោកផ្ទាល់លោកត្រាំបានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចឲ្យធ្ងន់ធ្ងរបន្ថែមទៀតប្រឆាំងនឹងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ប្រសិនបើលោកពូទីនមិនយល់ព្រមលើបទឈប់បាញ់នៅអ៊ុយក្រែនក្នុងរយៈពេល ៥០ ថ្ងៃខាងមុខនេះ។ រដ្ឋបាល ត្រាំ បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមថាតើផលវិបាកដែលរុស្ស៊ីនឹងត្រូវប្រឈមលើទណ្ឌកម្មថ្មីខាងមុខនេះមានអ្វីខ្លះនោះទេ៕