ប្រទេសចិនកាលពីថ្ងៃទី ១៩ ខែ កក្កដាបាន សម្រេចបើកការដ្ឋានសាងសង់ទំនប់វារីអគ្គីសនីខ្នាតយក្សធំជាងគេនៅលើពិភពលោកដែលមានឈ្មោះថាទំបន់វារីអគ្គិសនី Mutuo ស្ថិតនៅលើដងទន្លេ Yarlung Tsangpo ស្រុក Nyingchi តំបន់ខ្ពង់រាបទីបេទនប់ខ្នាតយក្សមិនធ្លាប់មានក្នុងពិភពលោកដែលមានសមត្ថភាព ផលិតចរន្តអគ្គិសនី បានដល់ទៅ៦០ជីហ្កាវ៉ាត់មានតម្លៃប្រមាណ ១៦៧.៨ពាន់លានដុល្លារអាម៉េរិកដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០៣៣។
ក្នុងការប្រកាសបើកការដ្ឋានសាងសង់នោះមានវត្តមាននាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានប្រកាសដំណើរការសាងសង់ជាផ្លូវការកាលពីថ្ងៃទី ១៩ ខែកក្កដា អំពីការចាប់ផ្តើមសាងសង់ទំនប់វារីអគ្គិសនីដ៏ធំបំផុតមិនធ្លាប់មានក្នុងពិភពលោកលើទន្លេ Yarlung Tsangpo ក្នុងតំបន់ Metog នៃខេត្ត Nyingchi តំបន់ទីបេ ជិតរដ្ឋខាងជើង Arunachal Pradesh របស់ឥណ្ឌា។
តាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន គម្រោងនេះនឹងមានស្ថានីយ៍វារីអគ្គីសនីល្បាក់ចំនួន ៥ ជាមួយនឹងការវិនិយោគសរុបប៉ាន់ស្មានប្រហែល ១៦៧.៨ ពាន់លានដុល្លារអាម៉េរិក គោលបំណងចម្បងគឺដើម្បីចែកចាយអគ្គិសនីសម្រាប់ការប្រើប្រាស់ និងការអភិរក្សអេកូឡូស៊ី ការពារការខូចខាតបរិស្ថាន។
តាមប្រភពដដែលគម្រោងយក្សនេះនេះត្រូវបានគេចាត់ទុកថាជាគម្រោងដ៏ធំបំផុតនៅលើពិភពលោក ជាមួយនឹងសមត្ថភាពប្រចាំឆ្នាំផលិតអគ្គិសនីបានប្រមាណ ៣០០ ពាន់លានគីឡូវ៉ាត់ម៉ោង ពោលគឺធំជាងបីដងនៃទំនប់ចិនបច្ចុប្បន្ន Three Gorges ។
គម្រោងនេះបានធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំងដល់ប្រទេសឥណ្ឌា និងបង់ក្លាដែស អំពីផលប៉ះពាល់លើទឹក និងសន្តិសុខស្បៀងរបស់ខ្លួន ហើយគម្រោងនេះក៏បានការបារម្ភផងដែរអំពីការផ្លាស់ទីលំនៅរបស់ប្រជាជន និងការរំខានដល់បរិស្ថាន។ ឥណ្ឌាក៏បានប្រកាសថា ខ្លួនបានបង្កើនការព្រួយបារម្ភជាមួយប្រទេសចិនអំពីគម្រោងនៅទីបេហើយខ្លួននឹងត្រួតពិនិត្យ និងចាត់វិធានការចាំបាច់ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។
ជាការឆ្លើយតបប្រទេសចិនអះអាងថា គម្រោងនេះបានឆ្លងកាត់ការវាយតម្លៃផ្នែកវិទ្យាសាស្ត្រយ៉ាងម៉ត់ចត់ ហើយនឹងមិនប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានអេកូឡូស៊ី ស្ថិរភាពភូមិសាស្ត្រ ឬសិទ្ធិធនធានទឹកនៃប្រទេសជិតខាងឡើយ៕