ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៥នេះ បានបង្ហោះសារផ្ដាំទៅលោក ថាក់ ស៊ីនថា សម្ដេចទេដែលជាអ្នកមិនចង់និយាយជាមួយលោក ថាក់ស៊ីន ចាប់តាំងពីកូនស្រីរបស់អ្នកឯងព្រហើន។ក្រៅពីនេះសម្តេចបានទម្លាយនូវរឿងមួយចំនួនដែលសម្តេចជួយលោកថាក់ស៊ីន ក្នុងការបង្កើតគណបក្សនយោបាយនៅថៃ។
យោងតាមបណ្តាញសង្គម សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ចាប់តាំងពីលោក ថាក់ស៊ីន ចូលពាក់ព័ន្ធនយោបាយថៃមក ថៃមានភាពច្របូកច្របល់ខ្លាំងតាំងពីមុនរដ្ឋប្រហារ២០០៦មកម្លេះ ហើយសម្ដេចក៏មិនចង់លើករឿងអ្នកឯងប្រមាថធ្ងន់ៗលើព្រះមហាក្សត្រថៃដែរ វាជាសម្តីអាក្រក់អាក្រីខ្លាំងពេក ដែលសម្តេចមិនសមនិយាយទេ នាំតែធ្វើឲ្យប៉ះពាល់ដល់ព្រះជេស្តាព្រះមហាក្សត្រថៃ។
បើតាមសម្តេច ហ៊ុន សែន ប៉ុន្មានថ្ងៃមុនលោក (ថាក់ស៊ីន) និយាយថាអ្នកដឹកនាំកម្ពុជាពុំមានសីលធម៌ទេ។ នេះជាការប្រមាថដ៏ធ្ងន់ធ្ងដូចកូនស្រីលោកប្រមាថមេដឹកនាំកម្ពុជាថា គ្មានវិជ្ជាជីវៈដែលជាមូលហេតុធ្វើឲ្យមានការខឹងសម្បាពីប្រជាជនកម្ពុជា។
សម្ដេចបញ្ជាក់ថា៖ «ខ្ញុំចង់សួរលោកថា បើខ្ញុំអត់សីលធម៌ ហេតុអ្វីបានជាលោកពឹងពាក់ខ្ញុំអស់រយៈពេល១៩ឆ្នាំ (2006-2025) លោកស្តាប់ការទូន្មានរបស់ខ្ញុំរហូតហៅខ្ញុំថាជាមេ០១។ លោកចាំបានទេ ការរៀបចំគណបក្សភឿថៃ ដើម្បីចូលរួមបោះឆ្នោតឆ្នាំ២០១១ ក្រៅពីគំនិតមួយចំនួននៅមានទ្រឹស្តីមួយគឺ (ថាក់ស៊ីនគិត ភឿថៃធ្វើ) នោះហើយជាទ្រឹស្តី ហ៊ុន សែន ដែល ខ្ញុំគួរតែរំលឹកដល់លោក។ នៅមានរឿងច្រើនណាស់ដែលខ្ញុំមិនទាន់និយាយរាប់ទាំងការតែងតាំងសមាជិករដ្ឋាភិបាលផងដែរ»។
សម្ដេច ហ៊ុន សែន បានបង្ហើបថា ការចោទប្រកាន់ថា លោក (ថាក់ស៊ីន) ដឹកនាំបក្សភឿថៃ គឺជារឿងពិតរាប់ទាំងការក្បត់ជាមួយភូមិចាយថៃ គឺជាគំនិតលោកទាំងអស់ មិនមែនជាគំនិតអ៊ុងអ៊ីនទេ៕