ភ្នំពេញ៖ អ្នកប្រើប្រាស់ និងធុរកិច្ចអង់គ្លេសត្រូវបានកំណត់ថានឹងទទួលបានអត្ថប្រយោជន៍ពីកញ្ចប់នៃវិធានការពាណិជ្ជកម្មថ្មីដែលបានដាក់ចេញនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដែលសម្រួលដល់ការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ ដោយជួយកាត់បន្ថយតម្លៃទំនិញប្រចាំថ្ងៃ។ ក្នុងនោះ ប្រទេសកម្ពុជា បន្តទទួលបានអត្ថប្រយោជន៍ដោយមិនយកពន្ធលើផលិតផលដូចជា សម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិកជាដើម សម្រាប់នាំចូលទៅទីផ្សារអង់គ្លេស។ នេះបើតាមសេចក្ដីប្រកាសរបស់ស្ថានទូតអង់គ្លសប្រចាំកម្ពុជា។
បើតាមសេចក្ដីប្រកាស ចក្រភពអង់គ្លេសបានដាក់ចេញនូវវិធានការពាណិជ្ជកម្មថ្មី ដោយមិនយកពន្ធនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍លើផលិតសម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិកជាដើម។ វិធានការនេះនឹងផ្តល់ឱ្យអ្នកប្រលប្រាស់ចក្រភពអង់គ្លេសនូវលទ្ធភាពកាន់តែច្រើនក្នុងការនាំចូលតម្លៃប្រកួតប្រជែងពីសម្លៀកបំពាក់រហូតដល់អាហារ និងគ្រឿងអេឡិចត្រូនិក ដែលជាកត្តាធ្វើឱ្យប្រសើរឡើងដល់គម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (DCTS) ធ្វើឱ្យកាន់តែមានភាពងាយស្រួលដល់ការធ្វើពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស ដោយជួយឱ្យទំនិញប្រចាំថ្ងៃកាន់តែមានតម្លៃសមរម្យសម្រាប់អ្នកទិញ។
វិធានថ្មីនេះរួមមានច្បាប់ដើមដែលមានលក្ខណៈសាមញ្ញ ដែលអនុញ្ញាតឱ្យទំនិញកាន់តែច្រើនពីប្រទេសនីហ្សេរីយ៉ា ស្រីលង្កា និងហ្វីលីពីន ចូលទៅកាន់ចក្រភពអង់គ្លេសដោយមិនគិតពន្ធ សូម្បីតែនៅពេលប្រើសមាសធាតុមកពីទូទាំងអាស៊ី និងអាហ្វិ្រកក៏ដោយ។ ពួកគេក៏ធានាផងដែរថា ប្រទេសដូចជាបង់ក្លាដែស និងកម្ពុជាបន្តទទួលបានអត្ថប្រយោជន៍ដោយមិនយកពន្ធលើផលិតផលដូចជាសម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិកជាដើម។
វិធានការនេះនឹងបើកឱកាសពាណិជ្ជកម្មថ្មីសម្រាប់អាជីវកម្មរបស់ចក្រភពអង់គ្លេសក្នុងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពធន់ ការវិនិយោគនៅក្នុងទីផ្សារដែលរីកចម្រើន និងចូលទៅក្នុងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
លោក Douglas Alexander រដ្ឋមន្រ្តីក្រសួងគោលនយោបាយពាណិជ្ជកម្ម បានមានប្រសាសន៍ថា គម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍អនុញ្ញាតឱ្យប្រទេសក្រីក្របំផុតមួយចំនួនក្នុងពិភពលោកនាំចេញទៅចក្រភពអង់គ្លេសដោយមិនគិតពន្ធ និងគ្មានកូតា ជាមួយនិងការនាំចូលរបស់ចក្រភពអង់គ្លេសជាង ១៦ពាន់លានផោនទទួលបានអត្ថប្រយោជន៍ពីការសន្សំពន្ធចាប់តាំងពីការចាប់ផ្តើមរបស់គម្រោងនេះនៅក្នុងខែមិថុនា ឆ្នាំ២០២៣៕