ថៃ៖ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) បានយល់ព្រមជាឯកច្ឆ័ន្ទបង្កើតក្រុមស៊ើបអង្កេតលើការព្យួរទោសនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ពីបទប្រព្រឹត្តិខុសក្រមសីលធម៌ ពាក់ព័ន្ធនឹងវីដេអូឃ្លីបសន្ទនាតាមទូរស័ព្ទរវាងលោកស្រី និងសម្តេច តេជោ ហ៊ុនសែន។
តាមប្រព័ន្ធផ្សព្វផ្សាយថៃគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) បានយល់ព្រមជាឯកច្ឆ័ន្ទក្នុងការបើកការស៊ើបអង្កេតបឋមលើបញ្ហាបែកធ្លាយសម្លេងជជែកគ្នារបស់លោកស្រីផែថងថាន ដោយកំណត់រយៈពេល ១០ ថ្ងៃសម្រាប់មន្ត្រីដើម្បីផ្ទៀងផ្ទាត់ការពិត។ គណៈកម្មាការមានភារកិច្ចក្នុងការចម្លងការសន្ទនាដែលលេចធ្លាយ ផ្តល់ការបកប្រែជាភាសាបរទេសត្រឹមត្រូវ សម្ភាសសាក្សីដែលពាក់ព័ន្ធ និងពិនិត្យមើលគំរូច្បាប់ដែលអាចអនុវត្តបាន។
ការបើកស៊ើបអង្កេតនោះនិងបូកបញ្ជូលទាំងសំណុំរឿងសេក្តីសម្រេចរបស់តុលាការធម្មនុញ្ញក្នុងសំណុំរឿងលោក ស្រេតថាថាវីស៊ីន អតីតនាយករដ្ឋមន្ត្រីថៃដែលត្រូវបានដកចេញក្នុងការតែងតាំងលោក Pichit Chuenban ជារដ្ឋមន្ត្រីជាប់នៅទីស្តីការនាយករដ្ឋមន្រ្តី។លោក Pichit ដូចគ្នាដែរ ត្រូវបានកាត់ទោសពីបទមើលងាយតុលាការពីបទប៉ុនប៉ងសូកប៉ាន់មន្ត្រីតុលាការកំពូលក្នុងឆ្នាំ ២០០៨ ដោយច្បាប់បានហាមឃាត់ការតែងតាំងគណៈរដ្ឋមន្ត្រីដែលមានប្រវត្តិឧក្រិដ្ឋកម្ម។ ប្រធាន NACC លោក Suchart Trakulkasemsuk និងស្នងការ Prapas Kong-ied នឹងធ្វើជាសមាជិកនៃក្រុមស៊ើបអង្កេតថ្មី។
គួរបញ្ជាក់ថាកាលពីថ្ងៃទី១ ខែកក្កដា តុលាការធម្មនុញ្ញថៃបានបោះឆ្នោតជាឯកច្ឆ័ន្ទទទួលយកញត្តិដែលដាក់ដោយសមាជិកព្រឹទ្ធសភាមួយក្រុម ហើយដោយសំឡេងភាគច្រើន ៧-២ បានបញ្ជាឱ្យព្យួរឈ្មោះលោកស្រី Paetongtarn ពីតួនាទីរបស់ខ្លួន ក្រោយពីបែកធ្លាយសារសម្លេងជជែកគ្នាជាមួយប្រធានព្រឹទ្ធសភាកម្ពុជា។ ក្នុងសារសម្លេងនោះលោកស្រីនាយករដ្ឋមន្ត្រីបានរិះគន់មិនសំចៃមាត់ដល់មេបញ្ជាការយោធភូមិភាគទី២៕