ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ១៤ កក្កដានេះ បានប្រកាសយកឆ្នាំ២០២៦ គឹជាឆ្នាំដែលត្រូវចាប់ផ្តើមអនុវត្ត«ច្បាប់ស្ដីពីកាតព្វកិច្ចយោធា»នៅកម្ពុជា ក្រោយពីច្បាប់នេះ ត្រូវបានរដ្ឋសភាកម្ពុជាបានអនុម័ត កាលពីជិត២០ឆ្នាំមុន។ច្បាប់នេះនឹងបើកផ្លូវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងពីរភេទ មានអាយុចាប់ពី១៨ដល់៣០ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធាតាមការកំណត់នៃច្បាប់នេះ។
ថ្លែងក្នុងពិធីអបអរខួបលើកទី៣២ទិវាកងរាជអាវុធហត្ថនាព្រឹកថ្ងៃទី១៤ ខែកក្កដានេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦ នឹងត្រូវធ្វើវិសោធនកម្មឡើងវិញ ដើម្បីបង្កើនបរិមាណ និងប្រសិទ្ធភាពសាច់ទ័ពនៅក្នុងប្រទេស ក៏ដូចជាឆ្លើយតបនឹងស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានភាពតានតឹងខ្លាំង។
បើតាមសម្តេច ហ៊ុន ម៉ាណែត «ច្បាប់កាតព្វកិច្ចយោធា»នឹងត្រូវរៀបចំកែសម្រួលបន្ថែមរយៈពេលពីរយៈពេលត្រឹម១៨ខែ ទៅជារយៈពេល២ឆ្នាំជាដើម ហើយជំរុញឱ្យមន្ត្រីជំនាញពន្លឿនធ្វើការងារកែសម្រួលច្បាប់នេះ ដើម្បីនឹងចាប់ផ្តើមអនុវត្តកាតព្វកិច្ចយោធានៅក្នុងឆ្នាំ២០២៦។
គួរបញ្ជាក់ថា ច្បាប់កាតព្វកិច្ចយោធា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់តាមរយៈព្រះរាជក្រមកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ដោយបានចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងពីរភេទ មានអាយុចាប់ពី១៨ដល់៣០ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធាតាមការកំណត់នៃច្បាប់នេះ។ ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រីភេទ ត្រូវធ្វើឡើងតាមការស្ម័គ្រចិត្ត។ពលរដ្ឋខ្មែរដែលមានសញ្ជាតិពីរហើយរស់នៅក្នុងប្រទេសកម្ពុជាត្រូវបំពេញកាតព្វកិច្ចយោធាក្នុងប្រទេស។
ការប្រកាសនេះ ធ្វើឡើងស្របពេលដែលកម្ពុជា និងថៃផ្តើមភាពតានតឹងផ្នែកព្រំដែនឡើងវិញ ដែលទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជារៀបចំពិនិត្យឡើងវិញ និង បង្កើនថវិកាក្នុងវិស័យការពារជាតិ ដើម្បីធ្វើឲ្យមានប្រសិទ្ធភាពសន្តិសុខជាតិការពារការប្រឈមរបស់កម្ពុជា៕