ឥណ្ឌា៖ ធ្លាក់យន្តហោះ Air India កាលពីថ្ងៃទី ១២ ខែមិថុនា ខែមុន ដែលបានសម្លាប់មនុស្ស ២៤១នាក់នៅលើយន្តហោះ ដោយមានអ្នករស់រានមានជីវិតតែម្នាក់ក្នុងយន្តហោះឥណ្ឌា Boeing 787-8 Dreamliner របស់អាកាសចរណ៍ Air India នោះត្រូវបានមន្រ្តីជំនាញរកឃើញថាគឺដោយសារឧបករណ៍បញ្ជូនសាំងទៅម៉ាស៊ីនត្រូវកាត់ផ្តាច់ដោយគេឮសម្លេងអ្នកបើកបរម្នាក់នៅក្នុងយន្តហោះសួរថា ម៉េចបានផ្តាច់កុងតាក់បញ្ជូនសាំងអញ្ចឹង ? ហើយ អ្នកបើកបរម្នាក់ទៀតបានឆ្លើយថា ខ្ញុំអត់មានផ្តាច់ទេ ហើយក្រោយហោះឡើងបន្តិចក៏ធ្លាក់ដាំក្បាលចុះមកក្រោមបានសម្លាប់មនុស្សនៅលើយន្តហោះ ២៤១ នាក់ (រស់រានម្នាក់) និងសម្លាប់មនុស្សនៅក្រោមដី៤៩នាក់ទៀតដែលនាំឲ្យអ្នកស្លាប់ទាំងនៅលើយន្តហោះ និងនៅក្រោមកើនដល់ ២៩០នាក់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយយន្តហោះ Boeing 787 Dreamliner ដែលធ្វើដំណើរពីឥណ្ឌាទៅកាន់ទីក្រុងឡុងចក្រភពអង់គ្លេសបានដាំក្បាលធ្លាក់ចុះក្រោមនិងបុកទម្លុះអគារយ៉ាងខ្លាំងក្លាដោយគេរកឃើញថាកុងតាក់ដែលបញ្ជូនប្រេងទៅកាន់ម៉ាស៊ីនដំណើរការយន្តហោះត្រូវបានកាត់ផ្តាច់បន្ទាប់ពីហោះហើរឡើងលើបានប៉ុន្មាននាទី។ តាមរបាយការណ៍ដដែលម៉ាស៊ីនយន្តហោះ N1 និង N2 បានចាប់ផ្តើមថយចុះនៃកម្លាំងហោះឡើង ដោយសារការផ្គត់ផ្គង់ប្រេងដល់ម៉ាស៊ីនត្រូវបានកាត់ផ្តាច់។
គួរបញ្ជាក់ថាងជើងហោះហើរ Air India 171 មានគោលដៅហោះឆ្ពោះទៅកាន់ទីក្រុងឡុងដ៍ដែលផ្ទុកមនុស្ស ២៤២នាក់ ដែលមានអ្នកដំណើរ ២៣០នាក់ (នាវិក១២នាក់)។ យន្តហោះនេះបានធ្លាក់ក្រោយហោះហើរឡើងបានបន្តិចនៅត្រង់តំបន់មានផ្ទះប្រជាជនរស់នៅ មិនឆ្ងាយប៉ុន្មានពីអាកាសយានដ្ឋានហោះហើរឥណ្ឌា ក្រៅពីអ្នកដំណើរតាមយន្តហោះក៏មានមនុស្សនៅក្រោមដីស្លាប់បាត់បង់ជីវិតដូចគ្នាដោយក្នុងចំណោមអ្នកដំណើរសុប ២៤២នាក់មានតែមនុស្សម្នាក់ដែលអង្គុយកៅអីលេខ 11A បានរួចរស់ជីវិត៕