ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ១៣ កក្កដានេះ បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកដោយបានស្នើឱ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើងថា ឧក្រិដ្ឋជនធំៗឆបោកតាមអនឡាញកំពុងស្នាក់នៅអាផាតមិនថ្លៃៗរាប់ពាន់លានបាត នៅទីក្រុងបាងកក ហើយធ្វើដំណើរដោយសេរី ចេញចូលប្រទេសក្បែរខាង។
ថ្មីៗនេះលោក ថាក់ស៊ីន បានសារភាពតាមកិច្ចសម្ភាសន៍លើទូរទស្សន៍ថៃ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបាននិយាយថា ឧក្រិដ្ឋជនធំៗឆបោកតាមអនឡាញកំពុងស្នាក់នៅអាផាតមិនថ្លៃៗរាប់ពាន់លានបាត នៅទីក្រុងបាងកក ហើយធ្វើដំណើរដោយសេរី ចេញចូលប្រទេសក្បែរខាង។សម្តេច ហ៊ុន សែន ស្នើឱ្យមេដឹកនាំពិភពលោកទទួលស្គាល់នូវអ្វីដែលបានលើកឡើងរបស់លោកថាក់ ស៊ីន។
បើតាមសម្តេច កាលពីថ្ងៃទី៩ ខែកក្កដា ២០២៥ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនមេធំល្បែងអនឡាញ និង លាងលុយដែលមានតម្លៃ ១១.៥២ ពាន់លានបាត នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង ស្របពេលរបាយការណ៍របស់ ការិយាល័យប្រឆាំងគ្រឿងញៀន និង ឧក្រិដ្ឋកម្មរបស់ អង្គការសហប្រជាជាតិ ហៅកាត់ថា UNODC បានបញ្ចេញថា ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាទីកន្លែងមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញ ពីតំបន់ត្រីកោណមាស។
សម្តេច ហ៊ុន សែន ថ្លែងថា "ដូច្នេះខ្ញុំសូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែលជាការលើកឡើងរបស់ថាក់ស៊ីន ហើយក៏សូមប្រាប់ទៅអ្នកនយោបាយថៃ កុំចេះតែដើរចោទកម្ពុជាតែផ្តេសផ្តាស មិនមើលប្រទេសខ្លួនដែលជាទីកន្លែងសំបុកដ៏សុខសាន្តរបស់ក្រុមឧក្រិដ្ឋជនឆបោក ក្រុមគ្រឿងញៀន និងក្រុមលាងលុយកខ្វក់។"
សម្តេច ហ៊ុន សែន បន្តថាកន្លងមកនាយករដ្ឋមន្ត្រីថៃ ដែលកំពុងត្រូវបានព្យួរតំណែងបាននិយាយថា ការបិទព្រំដែនជាមួយកម្ពុជាដើម្បីប្រយុទ្ធជាមួយល្បែងអនឡាញ គឺជារឿងអសីលធម៍នយោបាយដ៏ធ្ងន់ធ្ងរ ក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាងដែលរឿងនេះ វាតម្រូវឲ្យមានកិច្ចសហប្រត្តិបតិការរវាងបណ្តារដ្ឋក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។
ជាមួយគ្នានោះសម្តេច បានអានព័ត៌មាននៅប៉ុន្មានថ្ងៃមុនដែល ថាក់ សុីន និយាយថា នឹងមិនមានសង្រ្គាមរវាងកងទ័ព នៃប្រទេសទាំងពីរទេ តែនេះគឺជាការប្រកួតមុជទឹក! អ្នកណាមុជបានយូរជាងគឺអ្នកនោះឈ្នះ។តាមការយល់របស់សម្តេច ថាក់សុីន ចង់និយាយដល់ការបិទ ព្រំដែនតើអ្នកណាទ្រាំបានយូរជាង។ បើដូចនេះ មេក្លោងនៅពីក្រោយការបិទព្រំដែនគឺលោក ថាក់ សុីន នេះឯង។ កម្ពុជាកំដរលែងល្បែងនេះមិនថា ពេលណាត្រូវចប់ ប៉ុន្តែខ្លាចតែអ្នកបបួលលែងល្បែងនេះដួលរលំមុនពេលល្បែងលែងចប់៕