ភ្នំពេញ៖ ប្រមុខការទូតចិនលោក វ៉ាង យី (Wang Yi) នៅថ្ងៃទី ១០ កក្កដា ម្សិលមិញ បានប្រកាសជាចំហបង្ហាញពីការស្ម័គ្រចិត្តដើរតួនាទីជាអ្នកសម្របសម្រួល ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា និងថៃ ដើម្បីរក្សាសន្តិភាព និង ស្ថេរភាពក្នុងតំបន់ ក្នុងនាមជាមិត្តរបស់ចិន។ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលលោក វ៉ាង យី ជួបប្រជុំដាច់ដោយឡែកជាមួយប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន និង លោក ម៉ារីស សាង៉ាមពុងសា (Maris Sangiampongsa) ប្រមុខការទូតថៃ លើទឹកដី កូឡាឡំាពួរ ប្រទេសម៉ាឡែស៊ី។
យោងតាមខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចិន លោក វ៉ាង យី បានសន្យានៅចំពោះមុខប្រមុខការទូតកម្ពុជា និង ថៃ ថា ប្រទេសចិន នឹងរក្សាគោលជំហរអព្យាក្រឹត និង យុត្តិធម៌ លើបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ និង បង្ហាញក្ដីសង្ឃឹម លើកទឹកចិត្តឱ្យប្រទេសទាំងពីរ ចូលរួមដោះស្រាយការខ្វែងគំនិតគ្នា តាមរយៈការសន្ទនា និង ការពិគ្រោះយោបល់ជាលក្ខណៈមិត្តភាព។
ប្រភពដដែលបានរាយការណ៍ថា លោក វ៉ាង យី (Wang Yi) បានប្រកាសពីការស្ម័គ្រចិត្តចូលខ្លួនជាអ្នកសម្របសម្រួលស្ថាបនាវិវាទព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីគាំទ្រសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិអាស៊ីអាគ្នេយ៍ដែលនៅជិតខាងទាំងពីរនេះ។សម្រាប់លោក វ៉ាង យី បានចាត់ទុក កម្ពុជា និងថៃ គឺជាមិត្តល្អរបស់ចិន ដូច្នេះចិនមិនចង់ឃើញប្រទេសភូមិផងរបងជាមួយគ្នានេះ មានជម្លោះនោះឡើយ។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា ចាត់ទុកការស្ម័គ្រចិត្តរបស់ចិន គឺជារឿងល្អមួយព្រោះការរកច្រកចេញ ដើម្បីដោះស្រាយវិវាទព្រំដែនរវាងកម្ពុជា-ថៃ ត្រូវតែមាន។តែអ្នកជំនាញបានសង្កត់ធ្ងន់ថា កម្ពុជានៅតែប្រកាន់ជំហរមួយគឺដោះស្រាយដោយផ្នែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងរួមគ្នាជាធំ ជាពិសេស MOU ឆ្នាំ២០០០ និង សន្ធិសញ្ញាបារាំង-សៀម។
គួរបញ្ជាក់ថា បញ្ហាព្រំដែនកម្ពុជា-ថៃបានចាប់ផ្តើមមានភាពតានតឹងឡើងវិញ ក្រោយពីទាហានថៃលបលួចបាញ់ប្រហារមកលើទាហានកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា នៅតំបន់មុំបី នាំឱ្យទាហានកម្ពុជាម្នាក់ពលីជីវិត។ភាពតានតឹងកាន់តែបន្តរហូតកម្ពុជាដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នូវតំបន់ចំនួន៤ គឺប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និង តំបន់មុំបី៕