ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍ព្រឹទ្ធសភា សម្រេចបញ្ជូនសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា៣៣ពាក់ព័ន្ធការដកសញ្ជាតិខ្មែរ ទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់។ ការសម្រេចនេះធ្វើឡើងក្រោយប៉ុន្មានម៉ោងនៃសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ៣៣។ ជាសម័យប្រជុំដឹកនាំដោយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងមានសមាជិកចូលរួម១២៥រូប ដែលស្មើនឹង ១០០ភាគរយ នៃតំណាងរាស្ត្រសរុប មកពីចម្រុះគណបក្សទាំងអស់ មានអាសនៈក្នុងរដ្ឋសភា។
សូមជម្រាបថា សមាជិករដ្ឋសភាកម្ពុជា ចំនួន១២៥រូប នៅថ្ងៃទី ១១ ខែកក្កដានេះ បានសម្រេចលើកដៃបោះឆ្នោតអនុម័តជាផ្លូវការហើយ នូវសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៣៣ ពាក់ព័ន្ធនឹងការដកសញ្ជាតិខ្មែរ។ ការសម្រេចវិសោធនកម្មនេះ បានឱ្យនាំឱ្យការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅកម្ពុជាកើនឡើងចំនួន១០លើក គិតចាប់តាំងពីឆ្នាំ ១៩៩៣មក។
ខ្លឹមសារថ្មី នៃសេចក្តីស្នើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ បានកំណត់ថា «ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់»។
ជាលទ្ធផលនៃសម័យប្រជុំ សមាជិករដ្ឋសភាទាំង១២៥រូប បានសម្រេចលើកដៃបោះឆ្នោតអនុម័តជាផ្លូវការ នូវសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៣៣ ដើម្បីបើកផ្លូវ អនុញ្ញាតឱ្យមានការរៀបចំក្របខ័ណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដោយឃុបឃិតជាមួយបរទេស។
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងនាមជារាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអរគុណចំពោះសមាជិកសភាទាំងអស់ដែលបានបោះឆ្នោតគាំទ្រលើច្បាប់នេះ។ លោកថា កម្ពុជា គឺជាប្រទេសក្រោយគេដែលទើបមានច្បាប់នេះ ខណៈប្រទេសជាច្រើនលើពិភពលោកមានច្បាប់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ក្នុងនោះមានជាអាទិ៍៖ អាម៉េរិក បារាំង អ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ អូទ្រីស អូស្ត្រាលី ហូឡង់ កូរ៉េខាងត្បូង ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា វៀតណាម ជាដើម។
គួរបញ្ជាក់ថា ការសម្រេចវិសោធនកម្មនេះ បានឱ្យនាំឱ្យការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅកម្ពុជាកើនឡើងចំនួន១០លើក គិតចាប់តាំងពីឆ្នាំ ១៩៩៣មក៕