681 ezgif.com resize
Swift cc time

រដ្ឋសភាអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញ​​ស្តីពីវិសោធនកម្មមាត្រា៣៣ពាក់ព័ន្ធ​នឹងការដកសញ្ជាតិខ្មែរ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិ​កាលទី៧ ដើម្បីពិភាក្សា និង អនុម័ត​ សេចក្តីស្នើច្បាប់ធម្មនុញ្ញ​ស្តីពីវិ​សោ​ធនកម្ម​​មាត្រា​ ៣៣ 

ភ្នំពេញ៖ សមាជិករដ្ឋសភាកម្ពុជា ចំនួន១២៥រូប នៅថ្ងៃទី ១១ ខែកក្កដានេះ បានសម្រេចលើកដៃបោះឆ្នោតអនុម័តជាផ្លូវការហើយ នូវសេចក្តីស្នើច្បាប់ធម្មនុញ្ញ ​ស្តីពីវិ​សោ​ធនកម្ម​​មាត្រា​ ៣៣ ពាក់ព័ន្ធនឹងការដកសញ្ជាតិខ្មែរ។ការសម្រេចវិសោធនកម្មនេះ បានឱ្យនាំឱ្យការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅកម្ពុជាកើនឡើងចំនួន១០លើក គិតចាប់តាំងពីឆ្នាំ ១៩៩៣មក។

ដូចការគ្រងទុក រដ្ឋសភាកម្ពុជា នៅថ្ងៃទី១១ ខែកក្កដានេះ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិ​កាលទី៧ ដើម្បីពិភាក្សា និង អនុម័ត​ សេចក្តីស្នើច្បាប់ធម្មនុញ្ញ​ស្តីពីវិ​សោ​ធនកម្ម​​មាត្រា​ ៣៣ ពាក់ព័ន្ធនឹងការដកសញ្ជាតិខ្មែរ។ជា​សម័យប្រជុំ ដឹកនាំដោយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និង មានសមាជិកចូលរួម១២៥រូប ដែលស្មើនឹង​ ១០០​ភាគរយ នៃតំណាងរាស្ត្រសរុប មកពីចម្រុះគណបក្សទាំងអស់ មានអាសនៈក្នុងរដ្ឋសភា។

លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងនាមជារាជរដ្ឋាភិបាលកម្ពុជា បានថ្លែងការពារសេចក្តីស្នើច្បាប់ធម្មនុញ្ញ​​ស្តីពីវិសោធនកម្មមាត្រា ៣៣ គឺរៀបចំឡើងក្នុងគោលបំណងបន្សតទឹកចិត្តស្នេហាជាតិមាតុភូមិកម្ពុជា និងរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាជាប្រចាំត្រូវតែស្រឡាញ់ជាតិកម្ពុជា បណ្តុះស្មារតីស្រឡាញ់ជាតិ និង ទប់ស្តាត់ពលរដ្ឋខ្មែរណាដែលក្បត់ជាតិ និង ចូលដៃជាមួយបរទេសបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង។

ខ្លឹមសារថ្មី នៃសេចក្តីស្នើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ បានកំណត់ថា «ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់»។

ជាលទ្ធផលនៃសម័យប្រជុំ សមាជិករដ្ឋសភាទាំង១២៥រូប បានសម្រេចលើកដៃបោះឆ្នោតអនុម័តជាផ្លូវការ នូវសេចក្តីស្នើច្បាប់ធម្មនុញ្ញ ​ស្តីពីវិ​សោ​ធនកម្ម​​មាត្រា​ ៣៣ ​ដើម្បីបើកផ្លូវ អនុញ្ញាតឱ្យមានការរៀបចំក្របខ័ណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះ​ពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរ​ដល់ផល​ប្រយោជន៍​ជាតិកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដោយឃុបឃិតជាមួយបរទេស។ ​

លោក កើត រិទ្ធ ក្នុងនាមជារាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអរគុណចំពោះសមាជិកសភាទាំងអស់ដែលបានបោះឆ្នោតគាំទ្រលើច្បាប់នេះ។លោកថា កម្ពុជា គឺជាប្រទេសក្រោយគេដែលទើបមានច្បាប់នេះ ខណៈប្រទេសជាច្រើនលើពិភពលោកមានច្បាប់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ក្នុងនោះមានជាអាទិ៍៖ អាម៉េរិក បារាំង អ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ អូទ្រីស អូស្ត្រាលី ហូឡង់ កូរ៉េខាងត្បូង ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា វៀតណាម ជាដើម។

គួរបញ្ជាក់ថា ការសម្រេចវិសោធនកម្មនេះ បានឱ្យនាំឱ្យការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅកម្ពុជាកើនឡើងចំនួន១០លើក គិតចាប់តាំងពីឆ្នាំ ១៩៩៣មក៕

Khcct banner

អត្ថបទទាក់ទង