ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១០ កក្កដាម្សិលមិញ បានថ្លែងជំរុញឱ្យរាជរដ្ឋាភិបាលថៃ ប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា។ការប្រកាសនេះ គឺធ្វើឡើងក្រោយពីអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជេរ៉ាយុ ហួងសាប់ ( Jirayu Huangsab) ប្រកាសថា ថៃនឹងសហការជាមួយការិយាល័យប្រឆាំងនឹងគ្រឿងញៀន និង ឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ ( UNODC) និង អង្គការលើកលែងទោសអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញពីប្រទេសកម្ពុជា។
លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងចាត់ទុកសម្តីរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជេរ៉ាយុ ហួងសាប់ ធ្វើឡើងក្នុងចេតនាបង្វែរបញ្ហារបស់ខ្លួនមកឱ្យកម្ពុជាទៀតហើយ ហើយថៃគួរតែបោះបង់ចោលទម្លាប់ដ៏អាក្រក់ក្នុងការទម្លាក់បញ្ហាទៅឱ្យប្រទេសជិតខាងនៅពេលដែលខ្លួនមានរឿងអាស្រូវផ្ទៃក្នុង។
បើតាមលោក ប៉ែន បូណា រយៈពេលជាងមួយខែចុងក្រោយនេះ ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនដែលបង្កឡើងដោយទាហានថៃ កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ មក ប្រទេសកម្ពុជា និង ថ្នាក់ដឹកនាំកម្ពុជាទទួលរងការលាបពណ៌បង្ខូចបង្កាច់គ្រប់បែបយ៉ាងពីសំណាក់អាជ្ញាធរនិងមន្ត្រីថ្នាក់ដឹកនាំថៃ។អាស្រ័យហេតុនេះ សូមថៃប្រញាប់បញ្ឈប់វប្បធម៌ដ៏អាក្រក់នេះ ហើយយកពេលវេលាដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនឱ្យបានឆាប់ទើបជាការល្អ។
លោក ប៉ែន បូណា បានសង្កត់ធ្ងន់ថា កម្ពុជាចេះដោះស្រាយបញ្ហានៅក្នុងប្រទេសរបស់ខ្លួនហើយតាមរយៈយន្តការប្រយុទ្ធប្រឆាំងជាមួយឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណិតដែលដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដោយផ្ទាល់ និងបានធ្វើការងារយ៉ាងសកម្ម ហើយអាចគ្រប់គ្រងសភាពការណ៍បាន។ ដូច្នេះ សូមរដ្ឋាភិបាលថៃកុំព្រួយបារម្ភពីកម្ពុជា ខណៈដែលប្រទេសរបស់ខ្លួន គឺជាសំបុកឧក្រិដ្ឋជនតាមអនឡាញ និងសំបុកជួញដូរគ្រឿងញៀនដ៏ធំបំផុតក្នុងតំបន់។ ដូច្នេះ គឺកម្ពុជាទេដែលរងគ្រោះពីបណ្តាញចែកចាយឧក្រិដ្ឋជនតាមអ៊ិនធឺណិត និងចែកចាយគ្រឿងញៀនពីប្រទេសថៃ៕