ឥណ្ឌា៖ បាក់ស្ពាន Gambhira នៅឥណ្ឌាបានបណ្តាលឲ្យមានអ្នកស្លាប់កើនដល់ ៩ នាក់នៅក្នុងរដ្ឋ Gujarat កាលពីព្រឹកថ្ងៃទី ៩ ខែកក្កដានេះ ស្ពានតភ្ជាប់តំបន់ Anand និង Vadodara បានបាក់ស្រុតធ្លាក់ចុះក្រោម និងបណ្តាលឲ្យមនុស្ស និងរថយន្តជាច្រើនគ្រឿងធ្លាក់ចូលក្នុងទឹកទន្លេ។ ភ្លាមៗអាជ្ញាធរឥណ្ឌាបានបន្តស្វែងរកអ្នកដែលកំពុងតែបាត់ខ្លួន និងជួយសង្រ្គោះអ្នកដែលកំពុងតែត្រូវបានស្រង់មកខាងលើគោក។
យោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាគិតត្រឹមរសៀលថ្ងៃទី ៩ ខែ កក្កដា នេះមានមនុស្សយ៉ាងហោចណាស់មនុស្ស៩នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ស្ពាន Gambhira ចូលទៅក្នុងទន្លេ Mahisagar ក្នុងរដ្ឋ Gujarat ដោយក្នុងនោះមានរថយន្តដឹកទំនិញ និងនាវាដឹកប្រេងបានធ្លាក់ចូលទៅក្នុងទន្លេ Mahisagar។
រដ្ឋមន្ត្រីរដ្ឋ Gujarat លោក Rushikesh Patel បានបញ្ជាក់ថា៖ «មនុស្ស៩នាក់បានស្លាប់ក្នុងការបាក់ស្ពាននៅស្រុក Vadodara ។ លោកបន្តថាឧបទ្ទវហេតុនេះបានរំខានដល់ការតភ្ជាប់ផ្លូវរវាងតំបន់ Anand និង Vadodara ធ្វើឱ្យប៉ះពាល់ការធ្វើចរាចរណ៍នៅតាមដងផ្លូវ។
លោកបន្តទៀតថាស្ពាន Gambhira មានប្រវែង ៩០០ ម៉ែត្រតភ្ជាប់ពីតំបន់ Anand និង Vadodara ត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៨៥ ហើយតែងទទួលបានការពិនិត្យតាមទៀងទាត់ជានិច្ច មូលហេតុនៃការបាក់ស្ពាននេះកំពុងតែត្រូវបានមន្រ្តីជំនាញបើកការស៊ើបអង្កេត៕