681 ezgif.com resize
Swift cc time

CDCបន្តបេសកកម្មគោះទ្វារសហគ្រាសចំនួន៨ដែលមានមូលដ្ឋាននៅទីក្រុងអូសាកា ប្រទេសជប៉ុន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ CDC)

ទីក្រុងអូសាកា៖ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានជួបពិភាក្សាការងារជាមួយវិស័យឯកជនចំនួន៨ ដែលមានមូលដ្ឋាននៅទីក្រុងអូសាកា ក្នុងគោលបំណងសិក្សាស្វែងយល់អំពីមុខសញ្ញាវិនិយោគ ព្រមទាំងពិនិត្យលទ្ធភាពទាក់ទាញឱ្យមកបណ្តាក់ទុន និងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។

លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងអំណរគុណជូនចំពោះតំណាងសហគ្រាសជប៉ុននិងបានលើកឡើងអំពីបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាស្ថានភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្រោមការដឹកនាំចង្អុលបង្ហាញប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ លោកក៏បានផ្តល់សេវាពិគ្រោះយោបល់ជូនសមភាគីដោយផ្តោតសំខាន់លើទិដ្ឋភាពគោលនយោបាយ និងបច្ចេកទេសសំដៅធានាបានថាវិនិយោគិននឹងទទួលបានព័ត៌មានដែលគ្រប់ជ្រុងជ្រោយដើម្បីបម្រើជាមូលដ្ឋានដល់ការសិក្សាសមិទ្ធិលទ្ធភាពឈានឆ្ពោះសម្រេចបាននូវការបណ្តាក់ទុន និងពង្រីកការវិនិយោគនៅកម្ពុជានាពេលដ៏ខ្លីខាងមុខ។

សហគ្រាសសរុបចំនួន៨ ដែលបានទទួលសេវាពិគ្រោះយោបល់នាឱកាសនេះរួមមាន៖

១. Next Make៖ ឯកទេសផ្នែកអភិវឌ្ឍន៍កម្មវិធី។

២. ReloExcel, Inc.៖ ឯកទេសផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស។

៣. ACS Co., Ltd.៖ ឯកទេសផ្នែកបច្ចេកវិទ្យាឌីជីថល។

៤. Japan Farm Products៖ ឯកទេសផ្នែកកសិ-ចំណីអាហារ។

៥. MK Corporation៖ ឯកទេសផ្នែកភស្តុភារកម្ម។

៦. Ring Co., Ltd.៖ ឯកទេសផ្នែកកម្មន្តសាលគ្រឿងបង្គុំអេឡិចត្រូនិក។

៧. Mitsuyoshi Cambodia Co., Ltd.៖ ឯកទេសផ្នែកកម្មន្តសាលគ្រឿងសង្ហារិម។

៨. Alaki Co., Ltd.៖ ឯកទេសផ្នែកបច្ចេកវិទ្យាឌីជីថល។

គួរបញ្ជាក់ថា បេសកកម្មគោះទ្វារវិនិយោគមកកាន់ទីក្រុងអូសាកាគឺជាសកម្មភាពតាមដានជាមួយសហគ្រាសដែលធ្លាប់បានចូលរួមសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជាដែលបានប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចម ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគដែលដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕



Khcct banner

អត្ថបទទាក់ទង