អាម៉េរិក៖ គិតត្រឹមថ្ងៃអង្គារទី ៨ ខែ កក្កដា ឆ្នាំ ២០២៥ នេះជំនន់ទឹកភ្លៀងបង្កើតទៅជាទឹកជំនន់យ៉ាងខ្លាំងក្លាមិនធ្លាប់មានក្នុងរដ្ឋតិចសាស់បានផ្តាច់ជីវិតមនុស្សប្រមាណ ១០៤នាក់និងរាប់សិបនាក់បាត់ខ្លួននិងកំពុងតែត្រូវបានមន្រ្តីជំនាញពាក់ព័ន្ធស្វែងរកនិងជួយសង្រ្គោះ ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាពីថ្ងៃសុក្រសប្តាហ៍មុនបានបណ្តាលឲ្យទឹកទន្លេ Guadalupe កើនឡើងកម្រិតខ្ពស់រហូតដល់៨ម៉ែត្រដែលជាកម្រិតអាសន្នមិនធ្លាប់មាន។
តាមអាជ្ញាធរអាម៉េរិកអ្នកស្លាប់ភាគច្រើនស្ថិតនៅក្នុងស្រុក Kerr នៃរដ្ឋតិចសាស់ជាកន្លែងផ្តុំទៅដោយជំរុំក្មេងស្រីគ្រិស្តបរិស័ទដែលនៅជាប់មាត់ទន្លេត្រូវបានជន់លិច និងបានឆក់យកជីវិតកុមារមួយចំនួន និងបន្សល់ទុកអ្នកផ្សេងទៀតបាត់ខ្លួន។ ក្រុមមន្ត្រីអះអាងទៀតថា ចំនួនអ្នកស្លាប់គឺប្រាកដជានឹងបន្តកើនឡើង។ សាកសពជាច្រើនមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណជាផ្លូវការនៅឡើយនោះទេ។
ជាការឆ្លើយតបអភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានបញ្ជាក់ថាប្រតិបត្តិការស្វែងរកនិងជួយសង្រ្គោះនៅតែបន្តចាប់តាំងពីថ្ងៃសុក្ររហូតមកដល់ពេលនេះមានមនុស្សជាច្រើនត្រូវបានជួយសង្រ្គោះនិងបញ្ជូនទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន លោកថាជំនន់ទឹកភ្លៀងអាចនិងបន្តវាយប្រហារទៀតប្រសិនបើនៅតែបន្តមានភ្លៀងធ្លាក់ជោគជាំបែបនេះ។
សម្រាប់លោក Greg Abbott គ្រោះមហន្តរាយបានកើតឡើងព្រឹកព្រលឹមថ្ងៃសុក្រ ដោយទឹកទន្លេបានកើនឡើង ៨ ម៉ែត្រក្នុងរយៈពេលភ្លៀងយ៉ាងខ្លាំងក្លាត្រឹមតែ ៤៥ នាទី លោកថាភាគច្រើនអ្នកបោះតង់ដែលកំពុងតែលង់លក់មិនអាចចេញទាន់ពីការវាយប្រហាររបស់កម្រិតទឹកទន្លេហូរចុះ។
លោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសគ្រោះមហន្តរាយដ៏ធំមួយកាលពីថ្ងៃអាទិត្យសម្រាប់ស្រុក Kerr ដែលជាតំបន់រងគ្រោះហើយលោកគ្រោងនិងធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋតិចសាស់៕