ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី ៧ កក្កដានេះ បានចេញសេចក្ដីថ្លែងការណ៍បំភ្លឺលើ សេចក្តីថ្លែងការណ៍ខុសពីការពិតរបស់ភាគីថៃ ទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ និង MoU 2000។ក្នុងសេចក្តីថ្លែងការណ៍នោះ ក្រសួងបានអំពាវនាវជាថ្មីម្តងទៀតទៅការភាគីថៃឱ្យគោរពដោយសុទ្ធចិត្ត ចំពោះកាតព្វកិច្ចរបស់ខ្លួនតាមរយៈសន្ធិសញ្ញាដែលបានចុះរួមគ្នាជាមួយកម្ពុជា ក្នុង MoU 2000 ហើយបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលបានប្រព្រឹត្តិជាក់ស្តែង និង ចូលរួមដោយស្ថាបនា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រួមទាំងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិដែលមានការទទួលស្គាល់ថា ជាយន្តការច្បាប់អន្តរជាតិ។
យោងតាមសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមច្បាប់អន្តរជាតិ រួមទាំងតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និង អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០។
បើតាមក្រសួងការបរទេសកម្ពុជា ភាគីថៃបានខកខានម្តងហើយម្តងទៀតក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុង MoU 2000 ជាពិសេសមាត្រា១ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ផែនទីផលិតដោយគណៈកម្មការបារាំង-សៀម សម្រាប់ខណ្ឌលីមាព្រំដែនរវាងឥណ្ឌូចិន និង សៀម គឺជាមូលដ្ឋានសម្រាប់ការកំណត់ព្រំដែននៃប្រទេសកម្ពុជា-ថៃ។តែផ្ទុយទៅវិញថៃ បានបន្តប្រើផែនទីគូសដោយឯកតោភាគីបំពាន MoU 2000 បំពានចូលទឹកដីកម្ពុជា។
ទាក់ទាងការសម្រេចប្តឹងទៅ តុលាការយុត្តិធម៌អន្តរជាតិ ICJ ក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា គឺជាការថ្លឹងថ្លែងផ្អែកលើមូលដ្ឋានច្បាប់ និង ជាការឆ្លើយតបដោយសន្តិវិធី ចំពោះការបន្តរំលោភលើ MoU 2000 ដោយភាគីថៃ តាមរយៈការប្រើប្រាសកម្លាំងប្រដាប់អាវុធ អំពើញុះញង់ និង ការខ្វះឆន្ទៈក្នុងការដោះស្រាយតាមច្បាប់អន្តរជាតិ៕