ថៃ៖ ក្រុមអាជីវករថៃ នៅផ្សារផ្សាររុងក្លឿ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវរបស់ថៃ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកក្កដានេះ បានលើកគ្នាទៅតវ៉ាទាមទារឱ្យទាហានថៃ«បើកច្រកព្រំដែន»ជាមួយកម្ពុជាឡើងវិញ ព្រោះការបិទព្រំដែនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការលក់ដូរ និង ជីវភាពរបស់ពួកគេ។
តាមរយៈការផ្សាយតាមបណ្តាញសង្គម ក្រុមអាជីវករថៃ នៅផ្សារផ្សាររុងក្លឿ បានប្រមូលផ្តុំគ្នាតាំងពីព្រឹកព្រលឹមដោយដៃការបដា ជាមួយការស្រែកតវ៉ាទាមទារឱ្យក្រុមយោធាថៃ បើកច្រកព្រំដែនជាមួយនឹងកម្ពុជាឡើងវិញ ដើម្បីអាចចេញចូល និង រកស៊ីជួញដូរបានដូចមុន។
ក្នុងបដាមានខ្លឹមសារថា "សេចក្តីថ្លៃថ្នូររបស់អ្នក យើងយល់ និងគោរព ប៉ុន្តែប្រជាជននៅតាមព្រំដែនកំពុងអត់ឃ្លាន។ តើអ្នកយល់ពីពួកយើងទេ? តើរឿងនេះចាប់ផ្តើមកើតឡើងនៅត្រង់កន្លែងណា? ហេតុអ្វីបានជាយើងមិនរកប្រភពបញ្ហា ហើយព្យាយាមដោះស្រាយ? យើងធ្វើពាណិជ្ជកម្មជាមួយកម្ពុជានិងវៀតណាម។ តើយើងទុកឱ្យវាលំបាកយ៉ាងនេះឬ?"។
យោងតាមរបាយការណ៍កន្លងទៅ ផ្សាររុងក្លឿ ជាផ្សារមួយដែលពលរដ្ឋ និង អាជីវករខ្មែរនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែងចេញចូលទៅលក់ដូរ និងទិញទំនិញ។នៅផ្សារនេះ មានតូបខ្មែររង្វង់ ៣៥០០តូប។ បាតុករថៃបានស្រែកតវ៉ាថា ការបិទច្រកព្រំដែនមិនមែនជារឿងជាតិសាសន៍ផ្សេងទេ គឺមកពីកងទ័ពថៃភូមិភាគ២។