ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅយប់ថ្ងៃទី ៦ កក្កដាម្សិលមិញនេះ បានចេញសារបដិសេធដាច់អហង្ការ ចំពោះការអះអាងរបស់សារព័ត៌មាន ព្រមទាំងទាហាន និង ប្រជាជនថៃមួយចំនួន ដែលបានលើកឡើងថា ប្រាសាទតាក្របីស្ថិតក្នុងអធិបតេយ្យភាពរបស់ប្រទេសថៃ។ក្រសួងចាត់ទុកថា ជាការបំភ្លៃ និងបំភាន់ខុសពីការពិត ដោយសារភាគីថៃ បានប្រើប្រាស់ផែនទីដែលគូសដោយខ្លួនឯង និង គ្មានតម្លៃតាមផ្លូវច្បាប់ ជាផែនទីចោរ។
ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការពារជាតិ បានបញ្ជាក់សាជាថ្មីថា ប្រាសាទតាក្របី មានទីតាំងស្ថិតនៅលើភ្នំដងរ៉ែក ក្នុងភូមិមនោរម្យសែនជ័យ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺស្ថិតនៅក្នុងបូរណភាពទឹកដី និង អធិបតេយ្យភាពទាំងស្រុងរបស់កម្ពុជា ដោយផ្អែកលើផែនទីស្របច្បាប់ ដែលត្រូវបានអន្តរជាតិទទួលស្គាល់។សម្រាប់ក្រសួង បើភាគីថៃចង់ដឹងច្បាស់អំពីកម្មសិទ្ធិរបស់ ប្រាសាទតាក្របី គួរតែចូលរួមជាមួយកម្ពុជាក្នុងការដោះស្រាយករណី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។
បន្ថែមលើពីនេះ ក្រសួងការពារជាតិកម្ពុជា ថ្កោលទោសទាហានថៃដែលបានហាមប្រជាជនកម្ពុជាប្រើប្រាស់ក្រមាបង់ករដែលមានចរនារូបទង់ជាតិកម្ពុជាតូចមួយ ខណៈដែលអនុញ្ញាតឱ្យប្រជាជនថៃប្រើប្រាស់សម្លៀកបំពាក់ និង សម្ភារៈផ្សេងៗដែលមានរូបទង់ជាតិថៃយ៉ាងច្រើន។ ក្រសួងចាត់ទុកទង្វើនេះថា ជាការបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។
ក្រសួងបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាជនកម្ពុជា មានសិទ្ធិពេញលេញក្នុងការស្លៀកសម្លៀកបំពាក់ និង ប្រើប្រាស់សម្ភារៈដែលមានរចនារូបទង់ជាតិកម្ពុជា នៅពេលទៅទស្សនាប្រាសាទតាក្របី ដោយលើកឡើងថា ចំណុចនេះមិនបានបំពានលើកិច្ចព្រមព្រៀងណាមួយឡើយ។ក្រសួងបង្ហាញពីជំហរដ៏រឹងមាំ ក្នុងការការពារបូរណភាពទឹកដី និង អធិបតេយ្យភាពរបស់ខ្លួន ក្នុងករណីការឈ្លានពានណាមួយ៕