681 ezgif.com resize
Swift cc time

កម្ពុជាអបអរសាទរខួប​១៧ឆ្នាំការ​ដាក់​បញ្ជូលប្រាសាទព្រះវិហារជា​​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រាសាទព្រះវិហារ។រូបភាព៖ កម្ពុជាមាតុភូមិខ្ញុំ 

ភ្នំពេញ៖ ថ្ងៃទី​៧​ កក្កដា​ ឆ្នាំ២០២៥នេះ គឺជា​ខួប​ទី១៧ ឆ្នាំនៃ​ការ​ដាក់​បញ្ជូល​ប្រាសាទព្រះវិហារទៅ​ជា​​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក។ខួប១៧ឆ្នាំនៅឆ្នាំ២០២៥នេះ គេឃើញប្រជាពលរដ្ឋខ្មែរជាច្រើនបានប្រើប្រាស់បណ្តាញសង្គមបង្ហោះសារអបអរសាទរ និងអមជាមួយការផលិតបទចម្រៀងបង្កើតជាស្មារតីជាតិនិយម។ខួប​ទី១៧ នៃ​ការ​ដាក់​បញ្ជូល​ប្រាសាទព្រះវិហារទៅ​ជា​​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោកនេះ ធ្វើឡើងចំពេលដែលកម្ពុជា និងថៃ ផ្តើមមានភាពតានតឹងផ្នែកព្រំដែនឡើងវិញ ក្រោយពីទាហានថៃលបលួចបាញ់ប្រហារឈ្លានពានទឹកដីកម្ពុជា កាលពីថ្ងៃទី ២៨ ឧសភា ឆ្នាំ២០២៥ នាំឱ្យទាហានកម្ពុជាម្នាក់ពលីជីវិត។

ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់ប្រជាជនកម្ពុជាដែលបានដាក់​បញ្ជូល«​ប្រាសាទព្រះវិហារ»ទៅ​ជា​​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ដែលនាំឱ្យកូនខ្មែរគ្រប់រូបរំភើបចិត្ត រំជួលចិត្ត ចំពោះកេរដំណែលដ៏វិចិត្ររបស់បុព្វបុរសខ្មែរ។ថ្ងៃទី​៧​ កក្កដា​ ឆ្នាំ២០២៥នេះ ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ គឺមានរយៈពេល ១៧ ឆ្នាំហើយ។

ខួប១៧ឆ្នាំនៅឆ្នាំ២០២៥នេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា មន្ត្រីតាមក្រសួងស្ថាប័ន និងប្រជាពលរដ្ឋខ្មែរជាច្រើន បានប្រើប្រាស់បណ្តាញសង្គមបង្ហោះសារអបអរសាទរ។សម្រាប់ព្រះមហាក្សត្រ តាមរយៈព្រះរាជសារ បានកោតសរសើរយ៉ាងស្មោះអស់ពីព្រះទ័យ ចំពោះការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ជាសម្បត្តិវប្បធម៌ជាតិផង និង ជាបេតិកភណ្ឌពិភពលោកផង។សម្រាប់ព្រះអង្គ ការចុះបញ្ជីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា និង អភិរក្សប្រាសាទព្រះវិហារ ឱ្យបានស្ថិតស្ថេរគង់វង្ស និង ប្រកបដោយចីរភាពនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ចំណែកសម្តេច ហ៊ុន ម៉ាណែត ថ្លែងអបអរសាទរ អមជាមួយខ្លឹមសារថា ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ។សម្រាប់សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងជាថ្មីម្តងទៀតផងដែរថា «កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។

ក្រៅពីសារអបអរសាទរពីថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ឃើញក៏ឃើញផងដែរ ការចេញសារអបអរសាទរផ្សព្វផ្សាយតាមបណ្តាញសង្គមជាច្រើននៅក្នុងប្រទេសកម្ពុជា និងមានការចែករំលែកជាបន្តបន្ទាប់ពីប្រជាពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រី បង្កើតមានជាស្មារតីជាតិ ប្រឆាំងការឈ្លានពានទឹកដីពីប្រទេសជិតខាងកម្ពុជា ជាពិសេសថៃ។

សូមរម្លឹកជូនថា ប្រាសាទព្រះវិហារ​ ត្រូវបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ កាលពី​ថ្ងៃទី៧កក្កដា​ឆ្នាំ២០០៨ ​ដោយ​អង្គការ​យូណេស្កូ ដែលមាន​ប្រទេស​កម្ពុជា​ ជា​ម្ចាស់​កម្មសិទ្ធិ​បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ថៃ​ខឹងសម្បារ។ មួយ​សប្តាហ៍​ក្រោយមក ពោលគឺ​នៅ​ថ្ងៃទី ១៥ កក្កដា​ឆ្នាំ ២០០៨ កងទ័ព​ថៃ​បាន​បង្កហេតុ​រហូតដល់​ផ្ទុះ​សង្គ្រាម​នៅតាម​ជាយដែន។កម្ពុជា​ក៏​សុំ​ឲ្យ​តុលាការ​ក្រុងឡាអេ​បកស្រាយ​ឡើងវិញ​នូវ​សាលក្រម​ឆ្នាំ១៩៦២ ដែល​តុលាការ​នេះ ​បាន​កាត់ក្តី​ឲ្យ​កម្ពុជា​ឈ្នះ​ភាគី​ថៃ​។កាលពី​ថ្ងៃទី ១៨ កក្កដា​ឆ្នាំ២០១១ តុលាការ​យុត្តិធម៌​អន្តរជាតិ​ បាន​ចេញ​សាលដីកា​ ដោយ​តម្រូវ​ឲ្យ​ថៃដកទ័ព​ចេញពី​តំបន់​មាន​ជម្លោះ។ 

ខួប​ទី១៧ នៃ​ការ​ដាក់​បញ្ជូល​ប្រាសាទព្រះវិហារទៅ​ជា​​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោកនេះ ធ្វើឡើងចំពេលដែលកម្ពុជា និងថៃ ផ្តើមមានភាពតានតឹងផ្នែកព្រំដែនឡើងវិញ ក្រោយពីទាហានថៃលបលួចបាញ់ប្រហារឈ្លានពានទឹកដីកម្ពុជា កាលពីថ្ងៃទី ២៨ ឧសភា ឆ្នាំ២០២៥ នាំឱ្យទាហានកម្ពុជាម្នាក់ពលីជីវិត៕

Khcct banner

អត្ថបទទាក់ទង