Smart saver cctime web bannertif

អ្នកនាំពាក្យអស់សំណើច«ការស្ទង់មតិ»ពលរដ្ឋថៃពីប្រជាប្រិយភាពសម្តេច ហ៊ុន សែន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេច ហ៊ុន សែន 

ភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេច ហ៊ុន សែន នៅថ្ងៃទី ៦ កក្កដានេះ បានចេញសារអមជាមួយការអស់សំណើច ចំពោះលទ្ធផលនៃការស្ទង់មតិពីប្រជាពលរដ្ឋថៃ ជុំវិញប្រជាប្រិយភាពសម្តេច ហ៊ុន សែន។បន្ថែមពីការអស់សំណើរ អ្នកនាំពាក្យមិនខ្វាយខ្វល់ ចំពោះលទ្ធផលស្ទង់មតិនេះទេ ព្រោះថាស្រឡាញ់មិនស្រឡាញ់ គឺជារឿងស្រុកទេសរបស់ថៃ សំខាន់ពលរដ្ឋកម្ពុជា ស្រឡាញ់គាំទ្រសម្តេច ហ៊ុន សែន ជិត១០០% ចំពោះវិធានការប្រឆាំងចោរឈ្លានពានទឹកដីប្រវត្តិសាស្ត្រ។

លោក ជា ធីរិទ្ធ ថែមទាំងបានស្នើសុំឱ្យក្រុមអ្នកដើរស្ទង់មតិ កុំបារម្ភពីប្រជាប្រិយភាពរបស់សម្តេច ហ៊ុន សែន ហើយនាំគ្នាគិតតែដោះស្រាយបញ្ហាផ្ទៃក្នុងស្រុកទេសថៃដែលកំពុងបែកបាក់គ្នាឱ្យបានល្អជាមុនសិនទៅ ហើយកម្ពុជារង់ចាំមេដឹកនាំភាគីថៃដែលមានសិទ្ធិច្បាស់លាស ដើម្បីដោះស្រាយព្រំដែនដោយសន្តិវិធី និង តាមច្បាប់អន្តរជាតិ។

យោងតាមលទ្ធផលនៃការស្ទាបស្ទង់មតិរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) ចេញផ្សាយនៅថ្ងៃទី១៨​ ខែមិថុនា ឆ្នាំ២០២៥ បានរកឃើញថា ប្រជាជនកម្ពុជា ៩៩,៨% បានគាំទ្ររដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី តាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។

ការស្ទង់មតិដដែលបន្តថាប្រជាជន ២៩,៣% ផ្តល់តម្លៃដល់ការចរចាទ្វេភាគី ដរាបណាមានការតភ្ជាប់ជាមួយតុលាការ ICJ និង ១,១% មានជំនឿលើការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់តែមួយមុខ ខណៈប្រមាណ ០,២% ជ្រើសរើសយកមាគ៌ាសង្គ្រាម។ប្រជាជន ៨៨,៧% ពេញចិត្តចំពោះចំណាត់ការបិទព្រំដែនរបស់កម្ពុជាជាការឆ្លើយតបទៅនឹងការបិទព្រំដែនជាឯកតោភាគីរបស់ថៃ និង ៨៨,៦% គាំទ្រការប្រើប្រាស់ទំនិញក្នុងស្រុក។ ប្រជាជនកម្ពុជា ៧៣,៨% ជឿថាជម្លោះព្រំដែនកម្ពុជា-ថៃ បង្កឡើងដោយយោធាថៃ ហើយ ២៣,១% ជឿថាបង្កដោយពួកជាតិនិយមជ្រុលថៃ និងថារដ្ឋាភិបាលថៃមានអំណាចតិចតួចនៅក្នុងការគ្រប់គ្រងរដ្ឋថៃ។

ជាមួយគ្នានោះ វិទ្យាស្ថាន AVI បានអះអាងទៀតថា ប្រជាជន ៩៥,៨% បានគាំទ្របុព្វហេតុការពារជាតិរបស់កងទ័ពកម្ពុជាដើម្បីត្រៀមទប់ស្កាត់ និង ឆ្លើយតបចំពោះការឈ្លានពានរបស់យោធាថៃ តាមរយៈការដាក់កងកម្លាំងប្រដាប់អាវុធប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង