Smart saver cctime web bannertif

ខេត្តព្រៃវែង និងកំពង់ចាម រងគ្រោះទឹកជំនន់ប៉ះពាល់ដំណាំស្រូវសរុបជាង ២ពាន់ហិកតា និងខូចខាតដំណាំស្រូវសរុបជាង ៦រយហិកតា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ព្រៃវែង៖ មន្រ្តីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣-៤ កក្កដានេះ បានចុះពិនិត្យស្ថានភាពគ្រោះទឹកជំនន់រដូវវស្សា និងគ្រោះជំនន់ទឹកភ្លៀង បានរកឃើញថា ខេត្តព្រៃវែងផ្ទៃដីដែលទទួលរងផលប៉ះពាល់ដំណាំស្រូវសរុប ១ ៤៧៧ ហិកតា ខូចខាតលើដំណាំស្រូវសរុបចំនួន ៤២៣ ហិកតា ចំណែកឯខេត្តកំពង់ចាមប៉ះពាល់ដំណាំស្រូវសរុប ៥៣០ ហិកតា និងខូចខាតស្រូវសរុបចំនួន ២១៩ ហិកតា។

បើតាមលោក ស្រ៊ុន សុខុន ទីប្រឹក្សាក្រសួងកសិកម្ម ខេត្តព្រៃវែងផ្ទៃដីដែលទទួលរងផលប៉ះពាល់ដំណាំស្រូវដោយគ្រោះទឹកជំនន់រដូវវស្សាសរុប ១ ៤៧៧ ហិកតា ស្មើនឹង ១ ០០៥ គ្រួសារ ក្នុងស្រុកចំនួន៣ ដោយស្រុកពាមរក៍ មាន៣ឃុំ ប៉ះពាល់ដំណាំស្រូវសរុប ១ ០៧៥ ហិកតា, ស្រុកព្រះស្តេចមាន៣ឃុំ ប៉ះពាល់ដំណាំស្រូវសរុបចំនួន ២៧៩ ហិកតា, និងស្រុកពោធិ៍រៀង មាន៤ឃុំ ប៉ះពាល់ដំណាំស្រូវសរុបចំនួន ១២៣ ហិកតា។

ផលប៉ះពាល់លើដំណាំស្រូវ ភាគច្រើនជាស្រូវស្រាលបង្កើនរដូវប្រាំងលើកទី២ នៅតាមទំនាប មាត់បឹង និងស្ទឹង។ ក្នុងនោះដែរក៏មានផ្ទៃដីខូចខាតលើដំណាំស្រូវសរុបចំនួន ៤២៣ ហិកតា ស្រូវក្នុងដំណាក់កាលចេញផ្កា ដាក់ម្សៅ និងទុំ។ អាជ្ញាធរមូលដ្ឋានមិនបានរៀបចំលិខិតស្នើសុំគ្រាប់ពូជ ដោយសារស្ថានភាពនៅតំបន់នេះមិនអាចស្តារឡើងវិញបាន ដោយរង់ចាំរដូវទឹកស្រកទើបអាចដំណាំសារជាថ្មី។

ចំណែកឯខេត្តតកំពង់ចាម ផ្ទៃដីដែលទទួលរងផលប៉ះពាល់ដំណាំស្រូវដោយគ្រោះជំនន់ទឹកភ្លៀងសរុប ៥៣០ ហិកតា ស្មើនឹង ៦៥៦ គ្រួសារ ផៃ្ទដីខូចខាតលើដំណាំស្រូវសរុបចំនួន ២១៩ ហិកតា ស្រូវក្នុងដំណាក់កាលពង្រោះ។ រដ្ឋបាលឃុំទាំង៣ តាមរយ:រដ្ឋបាលស្រុក បានរៀបចំលិខិតសំណើសុំគ្រាប់ពូជស្រូវ សម្រាប់ចែកជូនប្រជាកសិករ ដែលមានតម្រូវការដាំដុះ និងស្តារឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ និងខូចខាតស្រូវ ដោយសារគ្រោះធម្មជាតិ (ជំនន់ទឹកភ្លៀង)។ បច្ចុប្បន្នប្រជាពលរដ្ឋបានដាំដុះស្តារឡើងវិញបណ្តើរៗ។

លោក ស្រ៊ុន សុខុន ទីប្រឹក្សាក្រសួងកសិកម្ម សំណូមឲ្យផ្សព្វផ្សាយដល់កសិករប្រើប្រាស់ពូជស្រូវដែលមានអាយុកាលខ្លីជាងគេ និងគិតពេលវេលាដាំដុះឱ្យបានប្រមូលផលមុនទឹកលិច ដោយសារក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កសិករតែងតែប្រមូលផលបានមុនទឹកជន់លិច តែដោយសារឆ្នាំនេះ នៅថ្ងៃទី១៧ ខែមិថុនាដូចគ្នាទឹកជំនន់ទន្លេមេគង្គបានឡើងដល់កម្ពស់២,៣៣ម ខ្ពស់ជាងឆ្នាំមុន១,២៥ម(ឆ្នាំ២០២៤កម្ពស់១,០៨ម)៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង