
កាប៊ុល៖ រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានប្រកាសថារុស្ស៊ីបានក្លាយជាប្រទេសដំបូងគេដែលទទួលស្គាល់ការគ្រប់គ្រងជាផ្លូវការដែលដឹកនាំដោយរដ្ឋាភិបាលតាលីបង់របស់ខ្លួន ដោយអាហ្វហ្គានីស្ថានបានចាត់ទុកការសម្រេចចិត្តរបស់រុស្ស៊ីនេះគឺការសម្រេចចិត្តដ៏ក្លាហាន។ ការប្រកាសទទួលស្គាល់នេះត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាហ្វហ្គានីស្ថាន Amir Khan Muttaqi បានជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាហ្វហ្គានីស្ថាន លោក Dmitry Zhirnov នៅទីក្រុងកាប៊ុលកាលពីថ្ងៃព្រហស្បតិ៍។
រដ្ឋមន្ត្រីការបរទេសអាហ្វហ្គានីស្ថាន Amir Khan Muttaqi និយាយនៅក្នុងវីដេអូនៃកិច្ចប្រជុំនៅលើប្រព័ន្ធសង្គម X ថានេះគឺជាការសម្រេចចិត្តដ៏ក្លាហានហើយនេះនិងក្លាយជាឧទាហរណ៍សម្រាប់ប្រទេសដទៃឥឡូវនេះដំណើរការនៃការទទួលស្គាល់បានចាប់ផ្តើម ប្រទេសរុស្ស៊ីគឺនាំមុខគេ។

ចំណែកអ្នកនាំពាក្យក្រសួងការបរទេសតាលីបង់ Zia Ahmad Takal បានប្រាប់ AFP ថា "រុស្ស៊ីគឺជាប្រទេសដំបូងគេដែលបានទទួលស្គាល់ជាផ្លូវការនូវរដ្ឋអ៊ីស្លាម។លោកបន្ថែមទៀតថា វាគឺជា "ដំណាក់កាលថ្មីនៃទំនាក់ទំនងវិជ្ជមាន ការគោរពគ្នាទៅវិញទៅមក និងការចូលរួមក្នុងន័យស្ថាបនា។

គួរបញ្ជាក់ថាពួកតាលីបង់បានឡើងកាន់អំណាចវិញនៅឆ្នាំ ២០២១ ក្នុងប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីបានទម្លាក់រដ្ឋាភិបាលដែលគាំទ្រដោយបរទេស និងបានដាក់កំណែតឹងរ៉ឹងនៃច្បាប់អ៊ីស្លាម។ក្រុមតាលីបង់បានព្យាយាមស្វែងរកការទទួលស្គាល់ និងការវិនិយោគជាផ្លូវការពីអន្តរជាតិ៕