អាម៉េរិក៖ ស្ថានទូតអាម៉េរិកប្រចាំប្រទេសកម្ពុជានាល្ងាចថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២៥ បានប្រារព្ធខួបឯករាជ្យរបស់ខ្លួននៃការទទួលបានឯករាជ្យពេញសិទ្ធពីចក្រភពអង់គ្លេសលើកទី ២៤៩ឆ្នាំ រាប់ចាប់តាំងពីបានទទួលឯករាជ្យជាផ្លូវការកាលពីថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ១៧៧៦។ លោកស្រី Bridgette Walker ភារធារីស្ថានទូតអាម៉េរិក និងឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចូលរួមជាអធិបតីនៅក្នុងពិធីអបអរសាទរខួបឯករាជ្យលើកទី ២៤៩ របស់សហរដ្ឋអាម៉េរិក។
ថ្លែងក្នុងគម្រប់ខួប ២៤៩ ឆ្នាំលោកស្រី Walker បានគូសបញ្ជាក់ថា«គំនិត និងស្មារតីនៃប្រទេសអាម៉េរិក មិនត្រឹមតែបានធ្វើឱ្យអាម៉េរិកមានការអភិវឌ្ឍន៍តែប៉ុណ្ណោះទេ តែវាថែមទាំងជាមូលដ្ឋាននៃទំនាក់ទំនងរបស់ប្រទេសជាដៃគូនៅទូទាំងពិភពលោកថែមទៀតផង។ លោកស្រីបន្តថាអាម៉េរិកចង់បានភាពជាដៃគូ ដែលផ្តល់លទ្ធភាព និងឱកាសស្មើគ្នា ដែលក្នុងនោះមានតម្លាភាព និងភាពត្រឹមត្រូវ។ ដើម្បីសម្រេចគោលដៅទាំងនេះ ដូចអ្នកគ្រប់គ្នាបានឃើញជនជាតិអាម៉េរិក ធ្វើការនៅក្នុងគ្រប់វិស័យ និងគ្រប់ទីកន្លែង ដើម្បីបង្កើតទំនាក់ទំនង និងជំរុញភាពជាដៃគូឱ្យកាន់តែមានភាពជ្រាលជ្រៅថែមទៀត»។ សម្រាប់លោកស្រី Walker ពិធីនេះ ថែមទាំងឧទ្ទិសផងដែរដល់ខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត សហរដ្ឋអាម៉េរិក និងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ១៩៥០ មក។
ជាមួយគ្នានេះដែរក្រុមតន្ត្រីទ័ពអាកាសសហរដ្ឋអាម៉េរិក ដែលមានឈ្មោះថា «Pacific Brass» បានសម្តែងបទជាច្រើន របស់ប្រទេសទាំងពីរ ដែលតំណាងឱ្យទំនាក់ទំនងដែលមានរាប់ទសវត្សរ៍មក។ ក្រុមតន្រ្តី Pacific Brass និងក្រុមតន្ត្រីកងឯកភាព កងកិត្តិយសត្រែទ័ព នៃកងយោធពលខេមរភូមិន្ទ បានធ្វើការសម្តែងរួមគ្នាជូនភ្ញៀវកិត្តិយស ដើម្បីជាការអបអរនូវចំណងមិត្តភាពដ៏យូរអង្វែងនៃប្រជាជនអាម៉េរិក និងប្រជាជនកម្ពុជា៕
