
ភ្នំពេញ៖ អង្គរក្សម្នាក់ជាជនជាតិខ្មែរ ដែលការពារផ្ទាល់គណៈប្រតិភូហុងគ្រីបានឆ្លងមេរោគកូវីដ១៩ ហើយពេលនេះគាត់កំពុងធ្វេីចត្តាទ្បីស័ក។នេះបើតាមសារជាសំឡេងរបស់សម្តេចហ៊ុន សែន ថ្លែងជូនដំណឹងដល់មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៧ វិច្ឆិកា។
សម្តេចតេជោ អំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ធ្វើចត្តាឡីស័ក ឱ្យបានម៉ត់ចត់។ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានបន្តណែនាំដល់បងប្អូនដែលបានចាប់ដៃ និងទាក់ទងផ្ទាល់ជាមួយរដ្ឋមន្ត្រីហុងគ្រី ត្រូវគ្រប់គ្រងខ្លួន និងជៀសវាងការចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីការពារការឆ្លងរីករាលដាលចូលសហគមន៍។
សម្តេចបានបញ្ជាឱ្យ អភិបាលរាជធានីភ្នំពេញ ពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាល ដើម្បីរៀបចំកន្លែងឱ្យបានសមរម្យដើម្បីធ្វើចត្តាឡីស័កដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលមិនមានលទ្ធភាពធ្វើចត្តាឡីស័ក ដោយការចំណាយទាំងអស់រាជរដ្ឋាភិបាលជាអ្នករាប់រង។