
កំពង់ធំ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៣ កក្កដានេះ បានប្រកាសពីការមើលឃើញមានចលនាប្រឆាំងតវ៉ាមួយចំនួន ជុំវិញផែនការរៀបចំការធ្វើ«វិសោធនកម្មច្បាប់ដកសញ្ជាតិ»។សម្រាប់សម្តេចបានស្នើកុំឱ្យមានភ័យពីការធ្វើ«វិសោធនកម្មច្បាប់ដកសញ្ជាតិ» បើអ្នកពិតជាស្រឡាញ់ជាតិពិតប្រាកដ មិនធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍កម្ពុជា។
ពីទឹកដីនៃខេត្តកំពង់ធំ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងពន្យល់ថា ផែនការរៀបចំ«ធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិ» គឺដើម្បីប្រឆាំងទៅនិងជនជាតិខ្មែរណាដែលធ្វើសម្មភាពបំផ្លាញផលប្រយោជន៍របស់ខ្មែរ។ដូច្នេះសម្តេចស្នើសុំកុំមានការភ័យ ឬព្រួយបារម្ភ ប្រសិនបើយើងមិនបានធ្វើសកម្មភាពចង់បំផ្លាញខ្មែរ ហើយអ្នកនោះមិនមែនជាខ្មែរនោះទេ។
បើតាមសម្តេច ហ៊ុន ម៉ាណែត នៅលើពិភពលោក មានប្រទេសជាច្រើន ដែលមានច្បាប់ដកសញ្ជាតិ ហើយក្នុងនោះមានជាង១៥០ប្រទេស ដែលមានច្បាប់ដកសញ្ជាតិ ចំពោះការធ្វើភេរវកម្ម និងប្រឆាំងជាតិ។ការដកសញ្ជាតិ មិនមែនមានតែប្រទេសផ្តាច់ការទេ ប្រទេសប្រជាធិបតេយ្យក៏មានដូចគ្នា។
សម្តេចថ្លែងថា "ឃើញមួយរយៈនេះ គេភ័យដែលគ្រោងរៀបចំ វិសោធនកម្មច្បាប់ដកសញ្ជាតិ សំដៅទៅលើជនជាតិខ្មែរណាប្រឆាំងនិងផលប្រយោជន៍របស់ខ្មែរ ឥឡូវអ្នកខំភ័យធ្វើអ្វីបើអ្នកឯងស្នេហាជាតិ ប្តេជ្ញាចិត្តទោះបីជាដង្ហើមចុងក្រោយមិនធ្វើប្រឆាំងនិងផលប្រយោជន៍ជាតិខ្មែរ អ៉ីចឹងកុំភ័យព្រួយពេក"
គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន បានផ្តួចផ្តើមគំនិតឲ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរណាម្នាក់ដែលគប់គិតជាមួយបរទេសមកបំផ្លាញខ្មែរ។ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា នៅថ្ងៃទី ២ ខែកក្កដា បានទូលថ្វាយព្រះមហាក្សត្រ ព្រះបាទ សម្តេចនរោត្តមសីហមុនី ថា វិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា៣៣ អាចធ្វើទៅបាន៕