ភ្នំពេញ៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក ឡរ៉េន វង់ បានប្រកាសជំហរគាំទ្រឲ្យកម្ពុជា និងថៃ ដោះស្រាយបញ្ហាព្រំដែនដោយអត់ធ្មត់ និងបន្ធូរបន្ថយស្ថានការណ៍ ហើយបន្តការសន្ទនា ដើម្បីដោះស្រាយបញ្ហាដោយមិត្តភាព ស្របតាមច្បាប់អន្តរជាតិ និងដើម្បីការពារសន្តិភាព ពង្រឹងស្ថិរភាពក្នុងតំបន់ និងធ្វើឱ្យសមាហរណកម្មអាស៊ាន។ លោកនាយករដ្ឋមន្រ្តីសិង្ហបុរីថ្លែងបែបនេះ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងថ្ងៃទី០២ ខែកក្កដា លោក ឡរ៉េន វង់ បានបង្ហោះសារថ្លែងអំណរគុណកម្ពុជា ចំពោះបដិសណ្ឋាកិច្ចដ៏កក់ក្តៅ ហើយថ្នាក់ដឹកនាំកម្ពុជា-សិង្ហបុរី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងពិភាក្សាអំពីវិធីធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ រួមទាំងវិស័យដែលកំពុងរីកចម្រើនដូចជាថាមពលកកើតឡើងវិញ ឥណទានកាបូន និងសន្តិសុខស្បៀង។
លោកនាយករដ្ឋមន្រ្តីសិង្ហបុរី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្របពេលមានភាពតានតឹងកាន់តែខ្លាំងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ លោកបានគូសបញ្ជាក់ពីភាពចាំបាច់សម្រាប់ភាគីកម្ពុជា និងថៃ ក្នុងការអនុវត្តការអត់ធ្មត់ និងបន្ធូរបន្ថយស្ថានការណ៍ ហើយបន្តការសន្ទនាដើម្បីដោះស្រាយបញ្ហាដោយមិត្តភាព ស្របតាមច្បាប់អន្តរជាតិ។
លោកនាយករដ្ឋមន្រ្តីសិង្ហបុរី បានបន្តថា ក្នុងបរិយាកាសពិភពលោកមិនច្បាស់លាស់នាពេលបច្ចុប្បន្ន ប្រទេសអាស៊ានមិនអាចមានលទ្ធភាពទុកឱ្យជម្លោះបែងចែកបានទេ។ វាជាផលប្រយោជន៍រួមរបស់យើងក្នុងការធ្វើការរួមគ្នាដើម្បីការពារសន្តិភាព ពង្រឹងស្ថិរភាពក្នុងតំបន់ និងធ្វើឱ្យសមាហរណកម្មអាស៊ានកាន់តែស៊ីជម្រៅ៕