
ឥណ្ឌូនេស៊ី៖ មានយ៉ាងហើចណាស់មនុស្ស ៦១នាក់បានបាត់ខ្លួនលិចចូលទៅក្នុងទឹកក្នុងហេតុការណ៍លិចសាឡាងនៅជិតកោះបាលីកាលពីម៉ោង ១១ យប់ ថ្ងៃទីពុធ ទី ២ ខែ កក្កដា ឆ្នាំ ២០២៥មុនលិចសាឡាងនេះបើកទៅកាន់គោលដៅវិស្សមកាលទៅកាន់កោះជ្វាដោយដឹកមនុស្ស សរុប ៦៥នាក់ក្នុងនោះមានអ្នកដំណើរសរុបចំនួន ៥៣នាក់ និងនាវិក ១២ នាក់ ដោយមានមនុស្សតែ ៤នាក់តែប៉ុណ្ណោះត្រូវបានជួយសង្រ្គោះអ្នកផ្សេងទៀតកំពុងបាត់ខ្លួន និងត្រូវបានអាជ្ញាធរបន្តស្វែងរក។

តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក្រុមអ្នកជួយសង្រ្គោះឥណ្ឌូនេស៊ីកំពុងបើកប្រតិបត្តិការយ៉ាងក្តៅគគុក ដើម្បីស្វែងរកមនុស្ស ៦១នាក់ដែលបាត់ខ្លួនលិចចូលទឹកជាមួយសាឡាង ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ Surabaya បានបញ្ជាក់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា កប៉ាល់បានលិចពាក់កណ្តាលអធ្រាត្រនៅថ្ងៃពុធក្នុងច្រកសមុទ្របាលី ខណៈដែលវាកំពុងធ្វើដំណើរទៅកាន់គោលដៅវិស្សមកាលដ៏ល្បីល្បាញពីកោះជ្វា របស់ប្រទេសឥណ្ឌូនេស៊ី។

ទីភ្នាក់ងារដដែលបានអះអាងទៀតថា អ្នកនៅរស់រានមានជីវិតទាំងបួននាក់បានជួយសង្គ្រោះខ្លួនឯងដោយប្រើទូកសង្គ្រោះរបស់សាឡាង ហើយត្រូវបានគេរកឃើញនៅលើទឹកកាលពីព្រឹកថ្ងៃព្រហស្បតិ៍។មុនលិចសាឡាងក៏បានផ្ទុកយានយន្តចំនួន២២ រួមទាំងរថយន្តដឹកទំនិញចំនួន ១៤ ផងដែរ។ ភ្លាមៗក្រុមជួយសង្រ្គោះ និងមន្រ្តីជំនាញកំពុងស៊ើបអង្កេតស្វែងរកមូលហេតុនៃការលិច និងស្វែងរកអ្នកដែលកំពុងបាត់ខ្លួន៕