Smart saver cctime web bannertif

នាយករដ្ឋមន្រ្តីសិង្ហបុរី សង្ឃឹមថាបញ្ហាព្រំដែនកម្ពុជា-ថៃ នឹងដោះស្រាយដោយសន្តិវិធី ដោយឈរលើគោលការច្បាប់អន្តរជាតិ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lawrence Wong បានបង្ហាញពីជំហរការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ លោកសង្ឃឹមថា ភាគីទាំងពីរនឹងដោះស្រាយបញ្ហាដោយសន្ដិវិធី ដោយឈរលើគោលការច្បាប់អន្តរជាតិ។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាសដែលលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី មកបំពេញទស្សនកិច្ចនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី មានភាពរីកចម្រើន និងមានលក្ខណៈយូរអង្វែងចាប់តាំងពីព្រះរាជកិច្ចរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋកាលពី ៦០ឆ្នាំមុន ដោយមានការចាប់ផ្ដើមទំនាក់ទំនងជាមួយនឹងលោក លី-ក្វាន់យូ (Lee Kuan Yew) នាយករដ្ឋមន្ត្រីដំបូងបំផុតរបស់សិង្ហបុរី ហើយរហូតមកដល់ពេលនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តមានភាពរីកចម្រើនជាបន្តបន្ទាប់។

ក្នុងឱកាសនោះ លោក Lawrence Wong (ឡរ៉េន វ៉ុង) នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានទទួលជួបលោក និងគណៈប្រតិភូ យ៉ាងកក់ក្ដៅ។ លោកក៏បានបង្ហាញក្ដីរីករាយចំពោះទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ ដោយមានការរីកចម្រើន ជាលំដាប់ ជាពិសេសនៅឆ្នាំនេះ គឺជាខួបទី ៦០ ឆ្នាំ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្លូវការវាងប្រទេសទាំងពីរ។

សម្ដេច ហ៊ុន សែន ក៏បានចែករំលែកអំពីស្ថានភាពបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសម្ដេចបានបញ្ជាក់ពីមូលហេតុដែលបានកើតឡើង គឺផ្ដើមឡើងដោយទាហានថៃចូលមកបាញ់សម្លាប់ទាហានកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ និងថៃបានបិទព្រំដែនជាឯកតោភាគី និងការគំរាមកំហែងផ្សេងៗជាច្រើនទៀត។

សម្ដេចបានបញ្ជាក់ថា កម្ពុជាទាំងសម្ដេចធិបតី និងសម្ដេចផ្ទាល់ គឺមិនចង់មានបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ គឺកម្ពុជាចង់ដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើច្បាប់អន្តរជាតិ ប៉ុន្តែប្រសិនបើនៅតែបំពាន និងឈ្លានពានកម្ពុជាគឺយើងត្រូវប្រើសិទ្ធិការពារនៅវៃបកត្រឡប់ទៅវិញ។

លោកនាយកដ្ឋមន្រ្ដីក៏បានអរគុណចំពោះសម្ដេច ហ៊ុន សែន ដែលបានពន្យល់អំពីបញ្ហាព្រំដែន និងគោលបំណងនៃការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់កម្ពុជា។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងដោះស្រាយបញ្ហាដោយសន្ដិវិធី ដោយឈរលើគោលការច្បាប់អន្តរជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង