Smart saver cctime web bannertif

សម្តេច ហ៊ុន សែន ប្រាប់ជប៉ុនថា«ព្រំដែនជាមួយថៃ កម្ពុជាមិនទាន់ត្រូវការប្រទេសទី៣ ជួយដោះស្រាយទេ»

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានប្រាប់ទៅទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Nagashima Akihisa ថា កម្ពុជា មកដល់ពេលនេះ មិនទាន់ត្រូវការភាគីទី៣ ក្នុងការចូលរួមចំណែកដោះស្រាយ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃទេ (ភាគីទី៣ នោះ គឺសំដៅទៅលើប្រទេសទី៣)។ អ្វីដែលកម្ពុជាត្រូវការនោះ គឺការជំរុញការដោះស្រាយតាមរយៈយន្តការសន្តិវិធី ពោលគឺតាមរយៈយន្តការនៃច្បាប់អន្តរជាតិ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។ ការថ្លែងនេះគឺធ្វើឡើងក្នុងពេលទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន ចូលជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ទោះបីពេលនេះ កម្ពុជា មិនទាន់ត្រូវការប្រទេសទី៣ ក្នុងការជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃ ក៏ពិតមែន ប៉ុន្តែសម្ដេចបានប្រាប់ទៅកាន់ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុនថា ដោយអាចប្រាប់ទៅនាយករដ្ឋមន្ត្រីជប៉ុន បានជ្រាប ហើយអាចឲ្យជប៉ុន ជំរុញភាគីថៃ ឲ្យដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើយន្តការនៃច្បាប់អន្តរជាតិ ពោលគឺទៅកាន់តុលាការ ICJ។

ទាក់ទងទៅនឹងបញ្ហាព្រំដែន សម្ដេច ហ៊ុន សែន បានបញ្ជាក់ទៅកាន់ទីប្រឹក្សាពិសេស របស់នាយករដ្ឋមន្ត្រីជប៉ុនបន្ថែមឱ្យបានយល់អំពីទិដ្ឋភាពជាក់ស្ដែងពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលកំពុងកើតមាន ដោយចាប់ផ្ដើមចេញពីការបាញ់ប្រហាររបស់ទាហានថៃ មកលើទាហានកម្ពុជាស្លាប់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ និងការសម្រេចបិទព្រំដែនជាឯកតោភាគទី របស់ភាគីថៃ ដែលធ្វើឲ្យស្ថានភាព នៃបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ កាន់តែតានតឹងនាពេលបច្ចុប្បន្ននេះ។

សម្ដេច ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមពីចំណុចសំខាន់ ដើម្បីពន្យល់ទៅកាន់ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន ឱ្យបានជ្រាបពីទិដ្ឋភាពជាក់ស្ដែង ដែលបានកើតឡើងរវាងកម្ពុជា និងថៃនាពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ន៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង