Smart saver cctime web bannertif

តុលាការធម្មនុញ្ញថៃសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីថៃរបស់លោកស្រី ផែ ថងថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

នៅទីបំផុតទៅ តុលាការ​ធម្មនុញ្ញ​ថៃ នៅថ្ងៃទី ១ កក្កដានេះ បានបោះឆ្នោតសម្រេចព្យួរ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ពីតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេច ហ៊ុន សែន។ការបោះឆ្នោតសម្រេចរបស់តុលាការធម្មនុញ្ញថៃ ​បាន​បោះឆ្នោត ៧ ទល់នឹង ២សំឡេង។

លោកស្រី ផែថងថាន ជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានសភាតំណាងរាស្ត្ររបស់ប្រទេសថៃ បោះឆ្នោតគាំទ្រឱ្យធ្វើជានាយករដ្ឋមន្ត្រីទី ៣១របស់ថៃ នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ១៦ សីហា ឆ្នាំ២០២៤ នេះ ជាមួយសំឡេងគាំទ្រ ៣១៩ ទល់នឹង ១៤៥ សំឡេង ខណៈ២៧សំឡេងទៀតបានបោះឆ្នោតអនុប្បវាទ។

នៅ​ថ្ងៃសៅរ៍ទី ​២៨​ មិថុនា​ ២០២៥​ ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​​ថៃ​រាប់​ពាន់​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅទីក្រុង​បាង​កក ដើម្បី​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ ចុះ​ចេញ​ពី​តំណែង ដោយខឹង​នឹង​របៀប​ដឹកនាំ​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​ ក្រោយ​ពី​មានការ​​ធ្លាយ​ព័ត៌មាន​លោកស្រី ជជែក​គ្នា​តាម​ទូរស័ព្ទ​ជាមួយសម្តេច ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា។

ការតវ៉ានេះ ដឹកនាំដោយក្រុម​​អាវ​លឿងគាំទ្រដោយក្រុមយោធាថៃ បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​វិមាន​ជ័យ​ជំនះ នា​ទីក្រុង​បាងកក ខ្លះ​កាន់​ទង់ជាតិ​ ស្រែក​ទាមទារ​ឱ្យ​លោកស្រីនាយក​រដ្ឋមន្ត្រី​ថៃ​ចុះ​ចេញ​ពី​តំណែង ​ក្នុងហេតុផលការពារ​បូរណភាព​ និង ​អធិបតេយ្យ​ភាព​ជាតិ​ថៃ​ និង​ ដើម្បី​បរិហារ​អសមត្ថភាព​របស់​នាយករដ្ឋមន្ត្រី​លោកស្រី ផែថងថាន។

លោកស្រី ផែថងថាន គឺជាសមាជិក​គ្រួសារ​​ត្រកូល​ស៊ីណាវ៉ាត់ទីបួនហើយ​​ ដែលបានក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថៃ។លោកថាក់ស៊ីន ត្រូវជាឪពុករបស់លោកស្រី ត្រូវបានគេស្គាល់ថា ជាអ្នកនយោបាយចាស់វស្សារបស់ថៃ និង ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រី​រវាងពីឆ្នាំ​២០០១ ដល់២០០៦ មុននឹងត្រូវក្រុមយោធាថៃធ្វើរដ្ឋប្រហារទំលាក់កាលពីឆ្នំា២០០៦។

បន្ទាប់ពីបាននិរទេសខ្លួនទៅ​ក្រៅស្រុក អស់រយៈពេល​១៥ឆ្នាំ លោក​បានសម្រេចចិត្តត្រលប់​ចូលស្រុកថៃវិញ កាលពីថ្ងៃទី២២ សីហាឆ្នាំ​២០២៣។នៅថ្ងៃស្អែកនេះ លោក​ថាក់ស៊ីន​ នឹងត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ​ក្នុង​បទ​ចោទ​ប្រកាន់​បរិហារ​របប​រាជានិយម ចំពោះ​សំដី​​កាលពី​ជាង​១០​ឆ្នាំ​មុន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង