681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន ហៅសម្តីឈ្លើយជ្រុលនិយមថៃបង្ហាញថា"ថៃនៅតែចិញ្ចឹមចិត្តចង់បានទឹកដីកម្ពុជា"

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ៣០ មិថុនានេះ បានចេញសារតាមបណ្តាញសង្គមដោយបានចាត់ទុក "ប្រទេសថៃនៅតែចិញ្ចឹមចិត្ត និង មហិច្ចតាចង់បានទឹកដីកម្ពុជា"។ជាសារធ្វើឡើងក្រោយពី អ្នកនយោបាយជ្រុលនិយមថៃ សុិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា ប្រសិនបើលោកឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជាដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង។

សម្តេច ហ៊ុន សែន បានចាត់ទុកសម្តីរបស់អ្នកនយោបាយជ្រុលនិយមថៃ បង្ហាញយ៉ាងច្បាស់អំពីការចិញ្ចឹមចិត្ត និង មហិច្ចតាចង់បានទឹកដីរបស់កម្ពុជា ដូច្នេះហើយសម្តេចប្រកាសឲ្យជនរួមជាតិខ្មែរទាំងអស់ ត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដោយប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវត្រៀមខ្លួនជាប់ជានិច្ច ដើម្បីទប់ទល់ប្រឆាំងវៃបំបាក់ឧបាយកលដ៏សែនខ្មៅកខ្វក់របស់ថៃ ដែលចិញ្ចឹមចិត្ត និង មហិច្ចតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជា។

បើតាមសម្តេច ហ៊ុន សែន ចរិតឈ្លានពានបែបនេះ ទើបកម្ពុជាត្រូវពង្រឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវពង្រឹងខឿនការពារជាតិរបស់ប្រជាជន ត្រូវខិតខំចរចា ដើម្បីបោះបង្គោលព្រំដែនជាមួយថៃឲ្យបានឆាប់។ហើយកម្ពុជាត្រូវត្រៀមខ្លួនតស៊ូរយៈពេលវែងតាមផ្លូវយោធា នយោបាយ ការទូត និង ផ្លូវច្បាប់។ ដរាបណាមិនទាន់មានការបោះបង្គោលព្រំដែនរួចរាល់ លទ្ធភាពប៉ះទង្គិចខាងយោធា ឬសង្គ្រាមតាមព្រំដែនងាយនឹងកើតឡើង និង ពិបាកជៀសផុត។

សម្តេចថ្លែងថា ខ្ញុំមិនតបតជាមួយពួកចោរឈ្លានពានទឹកដីទេ តែនេះជាសារដាស់តឿនដល់ បងប្អូនជនរួមជាតិកម្ពុជាដើម្បីត្រៀម ខ្លួនវាយចោរឈ្លានពានទឹកដី៕

Khcct banner

អត្ថបទទាក់ទង