
កណ្តាល៖ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិឌ្ឍន៍ជនបទនិងកសិកម្ម និងជាប្រធានក្រុមចលនាយុវជនរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់ដ្ឋាន ស្រុកខ្សាច់កណ្តាល ឱ្យពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីអាចទៅប្រកួតនៅក្រៅស្រុក ខណៈពេលនេះសមត្ថភាពរបស់ក្រុមបាល់ទាត់មួយក្រុមនេះកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់។
លោកបណ្ឌិត កៅ ថាច ឯកឧត្តមអគ្គនាយកធនាគារអភិឌ្ឍន៍ជនបទនិងកសិកម្ម និងជាប្រធានក្រុមចលនាយុវជនរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅព្រឹកថ្ងៃទី២៩ ខែមិថុនា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលរៀបចំឡើងនៅវិទ្យាល័យ ហ៊ុន សែន ROTA ស្រុកខ្សាច់កណ្តាល។
បន្ទាប់ពីបានអញ្ជើញទស្សនាផ្ទាល់ នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ជើងឯក រវាង ក្រុមបាល់ទាត់យុវជនឃុំកោះចូរ៉ាម ជាមួយក្រុមបាល់ទាត់យុវជនឃុំពុកឬស្សី រួចមក លោកបណ្ឌិត កៅ ថាច បានប្រសាសន៍សំណេះសំណាល និងបានប្រគល់លិខិតថ្លែងអំណរគុណ ព្រមទាំងបំពាក់មេដាយប្រគល់ពានរង្វាន់ជូនដល់ក្រុមកីឡាករ ដែលទទួលបានចំណាត់ថ្នាក់លេខ ១,២,៣ និងពានផ្សេងៗទៀត។

លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា លទ្ធផលនៃការប្រកួតថ្ងៃនេះបង្ហាញឲ្យឃើញការវិវត្តកីឡាករយើងក្នុងស្រុកខ្សាច់កណ្តាលខេត្តកណ្តាលពីមួយឆ្នាំទៅមួយឆ្នាំដែលជាការយកចិត្តទុកដាក់បំផុតរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើវិស័យកីឡា តែងតែលើកទឹកចិត្តឲ្យមានការរៀបចំការប្រកួង និងលេងកីឡាមានជាប់ជាប្រចាំ ខណៈដែលស្រុកផ្សេងៗទៀតបានកំពុងតែរៀបចំជាបណ្តើរហើយផងដែរ។
លោកបណ្ឌិតបានថ្លែងទៀតថា នៅថ្ងៃខាងមុខទៀតយើងនឹងមានការប្រកួតពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងកម្រិតខេត្ត ដែលអាចប្រព្រឹត្តិទៅឆ្នាំនេះឬឆ្នាំក្រោយទៀត។ លោកបណ្ឌិតលើកទឹកចិត្តឱ្យកីឡាករទាំងអស់ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ពោល លេងឲ្យបានកាន់តែខ្លាំង នឹងអាចប្រកួតនៅស្រុកផ្សេងទៀត ដើម្បីជាការចាប់ផ្តើមនូវពានរង្វាន់នេះ ក្នុងកម្រិតស្រុក និងថ្នាក់ខេត្តថែមទៀត។
លើសពីនេះ លោកបណ្ឌិតបានផ្តល់អនុសាសន៍លើកទឹកចិត្តឲ្យកីឡាករទាំងអស់ត្រូវបង្កើនសមត្ថភាពនៃការលេងកីឡាឲ្យកាន់តែខ្លំាងថែមទៀត ហើយឆ្នាំនេះឃើញសមត្ថភាពក្រុមកីឡាករទាំងអស់បានរីកចម្រើនច្រើន៕




