
ភ្នំពេញ៖ អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា នៅថ្ងៃទី ២៩ មិថុនានេះ ទទួលបានលិខិតពីភាគីថៃ នៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និង អនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កូនសោរគឺស្ថិតនៅក្នុងដៃរបស់ភាគីថៃ ចំពោះអាជ្ញាធរថៃក៏ដូចជាប្រជាជនថៃ ដែលមានបំណងចង់អោយមានការបើកច្រកព្រំដែនកម្ពុជា-ថៃ ឡើងវិញនោះ មិនចាំបាច់ស្នើមកកម្ពុជានោះទេ។
សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជា ទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែន។ ហេតុដូច្នេះហើយ បានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហានៅតំបន់មុំបីកាលពីចុងខែឧសភា ឆ្មាំ២០២៥ ព្រោះកម្ពុជាមិនមានបំណងបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរ ឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃ និង ខ្មែរតាមព្រំដែនទេ។
បើតាមសម្តេច ហ៊ុន ម៉ាណែត កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមធ្វើការបិទ-បើកច្រកព្រំដែនជាឯកតោភាគីនោះទេ។ កងទ័ពថៃ វិញទេ បានចាប់ផ្តើមធ្វើការបិទច្រកព្រំដែន កែសម្រួលម៉ោងបិទ-បើក និង កំណត់លក្ខណ្ឌកម្រិតការធ្វើដំណើរចេញ-ចូលរបស់ប្រជាពលរដ្ឋជាឯកតោភាគី ចាប់តាំងពីថ្ងៃទី ៧ មិថុនា ២០២៥។ មិនតែប៉ុណ្ណោះ កងទ័ពថៃបានបន្តធ្វើការកែប្រែម៉ោងបិទ-បើកជាឯកតោភាគាគី នៅតាមបណ្តាច្រកព្រំដែនមួយចំនួនរហូតដល់ថ្ងៃ ២៤ មិថុនា ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលថៃ បានប្រកាសបិទច្រកទាំងអស់ក្រោមហេតុផលនៃបញ្ហាអសន្តិសុខ។
សម្តេចថ្លែងថា "ភាពមិនច្បាស់លាស់ និង ការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីសង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និង ការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយណាមួយដែលមានភាពច្បាស់លាស់ ពិតប្រាកដនិងយូរអង្វែង"
សម្តេច បានសង្គត់ធ្ងន់ថា ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាភាគីថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីពីថ្ងៃទី ៧ មិថុនា កន្លងទៅនេះ បើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ និង ផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះ គឺជាការស្រេច។ កម្ពុជានឹងបើកច្រកព្រំដែនខាងកម្ពុជាយ៉ាងយូរ ៥ម៉ោងក្រោយពីនោះ។និយាយឱ្យខ្លី គឺកូនសោរគឺស្ថិតនៅក្នុងដៃរបស់ភាគីថៃហើយ។
ជាមួយគ្នានោះ សម្តេចស្នើទៅអ្នកដែលមានអំណាចពិតប្រាកដនៅប្រទេសថៃ (មិនថាជាកងទ័ព ឬអ្នកណានោះទេ) ឱ្យបើកច្រកព្រំដែនឲ្យមានស្ថានភាពប្រក្រតីឡើងវិញដូចមុនថ្ងៃទី ៧ មិថុនា ឆ្នាំ២០២៥ និង ផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះ គឺជាការស្រេច។ អ្វីៗនឹងត្រឡប់ទៅដំណើរការជាប្រក្រតីដូចមុនវិញហើយ៕