681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន ប្រកាសប្រាប់កងទ័ពថា សង្គ្រាមលើកនេះមិនត្រឹមតែវាយទប់ទៀតទេ តែវាយបកថែមតែម្តង

នយោបាយ
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ព្រះវិហារ : នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេច ហ៊ុន សែន នៅល្ងាចថ្ងៃទី ២៦ មិថុនានេះ បានប្រកាសប្រាប់ដល់កងទ័ពកម្ពុជាទាំងអស់ត្រៀមប្រយុទ្ធ ហើយសម្តេចចាត់ទុក សង្គ្រាមលើកនេះ គឺកម្ពុជាមិនត្រឹមតែវាយទប់ទៀតទេ ពោលគឺវាយបកថែមទៀត។

ក្នុងឯកសណ្ឋានកងទ័ព សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់បំផុត ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវត្រៀមខ្លួនជានិច្ច ដើម្បីការពារសត្រូវ និង វាយបកសត្រូវដែលឈ្លានពានដែនអធិបតេយ្យកម្ពុជា។

បើតាមសម្ដេច ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «យើងមិនចង់ធ្វើសង្គ្រាមទេ តែយើងត្រូវបង្ខំចិត្តធ្វើសង្គ្រាម នៅពេលមានការឈ្លានពានបានមកដល់ ដូច្នេះកម្លាំងទាំងអស់ត្រូវត្រៀមរៀបចំខ្លួន។ លើកនេះយើងមិនត្រឹមតែការពារខ្លួនទេ យើងប្រើសិទ្ធិការពារខ្លួនផង និងយើងវាយបកផង»។

បន្ថែមពីនេះ សម្តេច ហ៊ុន សែន ពន្យល់កងទ័ពថា កម្ពុជាចង់បានសន្ដិភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ចង់រួមរស់នៅជាមួយក្រុមគ្រួសារ ប៉ុន្ដែជម្លោះរបស់ប្រទេសជិតខាងគ្នាឯង តែបានបញ្ជូនជម្លោះមកជាមួយកម្ពុជា ដូច្នេះកម្ពុជាមិនអាចទទួលយកបាននូវការប្រមាថ ឬការឈ្លានពានមួយបានទេ។ កម្ពុជា គឺជាតិសាសន៍ថ្លៃថ្នូរ ហើយមិនឈ្លានពានប្រទេសគេ ប៉ុន្ដែមិនឱបដៃឲ្យគេឈ្លានពានដែរ។

គួរបញ្ជាក់ថា ការប្រកាសនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកងទ័ពជួរមុខនៅខេត្តព្រះវិហារ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងបេសកកម្ម២ថ្ងៃរបស់សម្តេច ប្រឆាំងយោធាសៀម៕

Khcct banner

អត្ថបទទាក់ទង