
ឧត្តរមានជ័យ៖ ក្រោយពីចប់កិច្ចប្រជុំជាមួយមេទ័ពតាមតំបន់ សម្តេច ហ៊ុន សែន ក្នុងនាមជា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៅថ្ងៃទី ២៦ មិថុនានេះ បានបន្តជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យ។ក្នុងជំនួបនោះ សម្តេច ហ៊ុន សែន ជំរុញពលរដ្ឋរស់នៅតាមព្រំដែន«ជីកលេណដ្ឋាន»ដើម្បីការពារខ្លួន និង ដាំដុះ«ផលិតផលកសិកម្ម»ដើម្បីផ្គត់ផ្គង់កងទ័ព ខណៈជម្លោះអាចបន្តយូរអង្វែង។
ថ្លែងនៅចំពោះមន្ត្រីខេត្តឧត្តរមានជ័យ ២៤៨នាក់ សម្តេច ហ៊ុន សែន បានណែនាំដល់ក្រុមប្រឹក្សាជំរុញប្រជាពលរដ្ឋដាំដុះផលិតផលកសិកម្មប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព លើកទឹកចិត្តឱ្យមានការផលិតនៅក្នុងខេត្ត ផ្គត់ផ្គង់ក្នុងខេត្តហើយកងទ័ព នគរបាល ពលរដ្ឋចូលរួមសហការគ្នា ជំរុញពលរដ្ឋឱ្យមានការដាំដុះ ដើម្បីផ្គត់ផ្គង់កម្លាំងប្រដាប់អាវុធនៅនឹងកន្លែងហើយក៏តាមការប៉ាន់ស្មានសម្តេចមើលឃើញថា កម្លាំងប្រដាប់អាវុធអាចតម្រូវការយូរអង្វែង។
បើតាមសម្តេច កម្ពុជាកំពុងជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការផ្លាស់ប្តូរមេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូចកន្លងទៅកាលពីឆ្នាំ២០១១នោះទេ។សម្តេចណែនាំប្រជាពលរដ្ឋ ជីកលេណដ្ឋាន ដើម្បីការពារខ្លួនហើយកុំភ្លេចការបង្កបង្កើនផលទោះសភាពការណ៍កើតនៅទល់ដែនក៏ដោយ ខណៈដែលពេលនេះរដូវវស្សាបានមកដល់ហើយ។
ចំពោះការបិទព្រំដែនដែនតាមទំនើងចិត្តរបស់ថៃ សម្តេច ហ៊ុន សែន លើកឡើងថា ថៃបិទដោយខ្លួនឯង ហើយពេលខូចផ្លែឈើ មកសុំចរចា បិទខ្លួនឯងតែពេលចង់បើកឡើងវិញ តែបែរមកសុំចរចា។សម្រាប់សម្តេច ថៃបច្ចុប្បន្នប្រៀបដូចការបិទខ្ទប់ខ្លួនឯងអស់ហើយ ទាំងព្រំដែនជាមួយភូមា ឡាវ ម៉ាឡេស៊ីជាដើមក៏មានបញ្ហាជាមួយគ្នាដែរ។សម្រាប់កម្ពុជា ចង់ឱ្យព្រំដែនជាមួយប្រទេសជិតខាង ជាព្រំដែនមិត្តភាពសន្តិភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ៕