
ឧត្តរមានជ័យ៖ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី ២៦ មិថុនានេះ បានចុះសួរសុខទុក្ខ និង ពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ និង បានអញ្ជើញជួបប្រជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី ២ និង ទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ជាវត្តមានក្នុងន័យផ្តល់កម្លាំងចិត្តយ៉ាងសំខាន់ដល់កងទ័ពកម្ពុជា ប្រឆាំងនឹងការឈ្លានពានរបស់ក្រុមយោធាថៃ។
ដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ធ្វើឡើងដោយជិះនូវឧទ្ធម្ភាគចក្រ និងអមដំណើរដោយមន្ត្រីយោធាជាន់ខ្ពស់គ្រាក់ៗមានជាអាទិ៍ សម្តេច ទៀ បាញ់ សម្តេច ម៉ែន សំអន សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ សីហា លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី គន់ គីម និង មន្ត្រីមេភូមិភាគធំៗជាច្រើនរូបផ្សេងទៀតដែលមានបទពិសោធន៍ឆ្អឹនឆ្អៅផ្នែកសឹកសង្គ្រាម។
ក្នុងបេសកកម្មនោះ សម្តេច ហ៊ុន សែន ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ សំណេះសំណាលជាមួយបណ្តាមេទ័ពទាំងអស់។ក្នុងពិធីនោះ សម្តេច ហ៊ុន សែន បានប្រាប់ទៅមេបញ្ជាការទាំងអស់ កុំឱ្យញញើត រួញរាញ ក្នុងការតបតជាមួយសត្រូវ ជាមួយបច្ចាមិត្ត ហើយកុំបារម្ភចំពោះការទ្រទ្រង់ផ្គត់ផ្គង់ ក្នុងប្រតិបត្តិការនៃការកិច្ចការពារបូរណភាពទឹកដី នៃអធិបតេយ្យជាតិរបស់កម្ពុជាពីការឈ្លានពានណាមួយ។
គួរបញ្ជាក់ថា វត្តមានរបស់សម្តេច ហ៊ុន សែន នេះ គឺធ្វើឡើងខណៈពេលកម្តៅព្រំដែនកម្ពុជា-ថៃ ការកើនឡើង ក្រោយពីក្រុមយោធាថៃ លបលួចបាញ់ប្រហារលើកងទ័ពកម្ពុជានាំឱ្យពលីជីវិតម្នាក់ កាលពីថ្ងៃទី ២៨ ឧសភា ឆ្នាំ២០២៥កន្លងទៅ។ក្រោយហេតុការណ៍នោះ កងទ័ព និងសព្វាវុធដ៏ទំនើបៗរបស់កម្ពុជា ត្រូវបានចល័តចេញពីបន្ទាយឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនថៃទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ។មកដល់ពេលនេះ ទាំងទាហាន និងសព្វាវុធរបស់កម្ពុជាត្រូវបានត្រៀមបម្រុងជាប់ប្រចាំ ដើម្បីការពារទឹកដីក្នុងករណីមានការឈ្លានពានណាមួយពីកងទ័ពថៃ។
គេនៅចាំបានថា កាលពីសង្គ្រាមជាមួយចោរសៀម ឬថៃ នៅអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ សម្តេច ហ៊ុន សែន និងមន្ត្រីគ្រាក់ៗជាច្រើន គឺជាអ្នករៀបចំយុទ្ធសាស្ត្រសង្គ្រាមវាយយកឈ្នះលើសមរភូមិសង្គ្រាម និង ធ្វើឱ្យទាហានថៃ បាក់ស្បាត៕