
ភ្នំពេញ៖ អ្នកជំនាញនៃសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ២៤ មិថុនានេះ បានទទួលស្គាល់ថា ការបិទព្រំដែនផ្តើមដោយក្រុមយោធាថៃ គឺចង់ឬមិនចង់ វានឹងនាំឱ្យប៉ះពាល់ពាណិជ្ជកម្មនៃប្រទេសទាំងពីរ អាស្រ័យលើទំហំនាំចេញ និង នាំចូល។ តែយ៉ាងណា អ្នកជំនាញចាត់ទុកថាជាឱកាសសម្រាប់ ក្រុមហ៊ុនក្នុងស្រុកពង្រឹងសមត្ថភាពផលិត ដើម្បីបំពេញតម្រូវការទីផ្សារ និងទាមទារឱ្យរាជរដ្ឋាភិបាលពិនិត្យតម្លៃថ្លៃដើមនៃការផលិត។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ប្រាប់ស៊ីស៊ីថាមស៍ថា បន្ទាប់ពីមានការបិទច្រកព្រំដែនកម្ពុជា-ថៃ វានឹងប៉ះពាល់ទាំងសងខាង ហើយខាតតិច និងខាតច្រើន អាស្រ័យលើក្រុមហ៊ុននាំចេញ បើនាំចេញមកខ្មែរច្រើនអាចខាតច្រើន បើនាំចេញមកខ្មែរតិចអាចខាតតិចតាមហ្នឹង។ ដូច្នេះទំហំពាណិជ្ជកម្មក៏ដូចគ្នា គឺមិនទាន់អាចកំណត់បានថាធ្លាក់ចុះដល់កម្រិតណាមួយច្បាស់លាស់នោះទេ គឺត្រូវការទាមទារពេលវេលាសិន។
បើតាមអ្នកជំនាញរូបនេះ ការបិទព្រំដែន គឺជាគ្រោះមួយ តែវាក៏ជាឱកាសលាភមួយចំនួនដែរទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ដែលតែងតែដើរទន្ទឹមគ្នា។ ចំពោះនយោបាយ កម្ពុជាទទួលបានផលចំណេញច្រើនពីឯករាជភាព ពីជាតិនិយមរបស់ខ្មែរ ហើយសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម គឺកម្ពុជាអាចទទួលបានឱកាសជំរុញការផលិតក្នុងស្រុកឱ្យបានច្រើនដើម្បីផ្គត់ផ្គង់ក្នុងស្រុក។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតក្នុងស្រុកក៏ត្រូវការតម្លៃមួយដែលសមរម្យសម្រាប់ក្រុមហ៊ុន និងអតិថិជន ដើម្បីគាំទ្រដល់ការបន្តផលិតសម្រាប់ចែកចាយក្នុងស្រុក។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា នៅថ្ងៃទី ១៧ មិថុនានេះ បានប្រកាសសម្រេចបិទការនាំចូល «បន្លែ និង ផ្លែឈើ» ពីថៃតាមច្រកព្រំដែនទាំងអស់ ក្រោយពីឱសានវាទ ២៤ ម៉ោង របស់រាជរដ្ឋាភិបាលកម្ពុជាបានដល់ពេលកំណត់ ហើយប្រទេសថៃមិនព្រមចូលរួមកែសម្រួលតាមព្រំដែនឱ្យវិលទៅរកភាពដូចដើមវិញ បិទព្រំដែនដោយឯកតោភាគី។ ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ចាប់ពីម៉ោង១២យប់នៃថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៥នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង៕
