
ភ្នំពេញ៖ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ រវាងកងទ័ពជើងគោកនៃប្រទេសជប៉ុន ជាមួយកម្ពុជា។ ការប្ដេជ្ញានេះ ត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងារជាមួយ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។
ឯកឧត្តម នាយឧត្តមសេនីយ៍ MORISHITA Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងក្របខ័ណ្ឌកងទ័ពជើងគោកនៃប្រទេសទាំងពីរ។ ឯកឧត្តមនាយឧត្តមសេនីយ៍បានគោរពជម្រាបជូនសម្ដេច ហ៊ុន ម៉ាណែត ផងដែរថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូមកកាន់កម្ពុជានាឱកាសនេះ គឺដើម្បីបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្សដល់កងទ័ពជើងគោកកម្ពុជា។
ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកដល់ដំណើរការអភិវឌ្ឍកម្ពុជា ដែលក្នុងនោះ រួមទាំងការថែរក្សាបេតិកភណ្ឌ និងប្រាង្គប្រាសាទនៅកម្ពុជា ហើយជប៉ុនក៏ជាសហប្រធាននៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានអង្គរ (ICC-Angkor) ផងដែរ។
សម្ដេច ហ៊ុន ម៉ាណែបានថ្លែងអំណរគុណដល់កងទ័ពស័្វយការពារជើងគោកជប៉ុន ដែលបានផ្ដល់នូវការបណ្ដុះបណ្ដាលធនធានមនុស្សដល់កងទ័ពជើងគោកកម្ពុជា ហើយសម្ដេចបានគូសបញ្ជាក់ថា ជប៉ុន គឺជាមិត្តចាស់ និងជាមិត្តដ៏ល្អរបស់កម្ពុជា។ ការចែករំលែកបទពិសោធន៍, ជំនាញ និងការបណ្ដុះបណ្ដាលធនធានមនុស្សដល់កម្ពុជាគឺជាកិច្ចការសំខាន់ ជាពិសេស ក្នុងការអភិវឌ្ឍសមត្ថភាពកងទ័ពជើងគោកកម្ពុជា ដោយហេតុថាជប៉ុនជាប្រទេសដែលមានជំនាញ និងបទពិសោធន៍ខ្ពស់។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ, កងទ័ពជើងគោកនៃប្រទេសទាំងពីរ នឹងអាចបន្តផ្សារភ្ជាប់ទំនាក់ទំនង និងស្វែងយល់ពីគ្នាទៅវិញទៅមក ព្រមទាំងអាចរួមសហការគ្នានៅក្នុងកិច្ចការមនុស្សធម៌ជាដើម។
សម្ដេច ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យកងទ័ពជើងគោកនៃប្រទេសទាំងពីរ ពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើលំហាត់ហ្វឹកហ្វឺនរួម សម្រាប់ការសង្គ្រោះគ្រោះមហន្តរាយ និងការបោសសម្អាតមីន ជាដើម៕
