ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលកម្ពុជា បានអះអាងថា ការបិទដែនអាកាសនាពេលថ្មីៗនេះលើបណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា រួមទាំងអ៊ីស្រាអែល អ៊ីរ៉ង់ អ៊ីរ៉ាក់ និងហ្ស៊កដានី បានបង្កឱ្យមានការរំខានយ៉ាងទូលំទូលាយដល់ផ្លូវហោះហើរជាសកល ដែលប៉ះពាល់ដោយប្រយោលដល់កាលវិភាគហោះហើរ និងចលនាអ្នកដំណើរទៅ និងមកពីប្រទេសកម្ពុជា បើទោះបីជាមិនមានផលប៉ះពាល់ដែនអាកាសដោយផ្ទាល់មកលើកម្ពុជាក៏ដោយ។ នេះជាការអះអាងរបស់លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មកកាន់ស៊ីស៊ីថាមស៍។
បើតាមលោក ស៊ីន ចាន់សិរីវុត្ថា ការបិទដែនកាសរបស់បណ្តាប្រទេសនៅតំបន់ជម្ឈិមបូព៌ាមួយចំនួននេះ ដោយសារជម្លោះប្រដាប់អាវុធរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលកំពុងវាយប្រហារគ្នាតាមផ្លូវអាកាសកាន់តែខ្លាំងក្លាគួរឲ្យព្រួយបារម្ភ អស់រយៈពេលជាងមួយសប្តាហ៍មកហើយ។ ក្រុមហ៊ុនអាកាសចរណ៍ដែលប្រតិបត្តិការជើងហោះហើរធំៗនៅអឺរ៉ុប-អាស៊ី ដូចជា Qatar Airways, Emirates និងក្រុមហ៊ុនអាកាសចរណ៍ទួកគី (Turkish Airlines) ដែលហោះហើរមកកាន់ប្រទេសកម្ពុជា តាមរយៈមជ្ឈមណ្ឌលសំខាន់ៗនៅទីក្រុងដូហា ឌូបៃ និងអ៊ីស្តង់ប៊ុល ត្រូវបានបង្ខំឱ្យប្តូរជើងហោះហើរតាមច្រករបៀងជំនួសប្រទេសទួកគី អេហ្ស៊ីប និងតំបន់ឈូងសមុទ្រ។
លោកបន្តថា ការផ្លាស់ប្តូរទាំងនេះ បាននាំឱ្យពេលវេលាធ្វើដំណើរកាន់តែយូរ តម្លៃសំបុត្រយន្តហោះកាន់តែខ្ពស់ ដោយសារការកើនឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃធានារ៉ាប់រង។ លើសពីនេះ ជើងហោះហើរប្តូរទិសបានបង្កើនហានិភ័យនៃការតភ្ជាប់ និងប្រឈមការប្តូកាលវិភាគហោះហើរ ដោយសារការពន្យាពេលនៃជើងហោះហើរផ្លូវឆ្ងាយ។ អស្ថិរភាពនៅក្នុងមជ្ឈមណ្ឌលដឹកជញ្ជូនសំខាន់ៗនៅមជ្ឈិមបូព៌ា អាចរារាំងអ្នកដំណើរមួយចំនួន ជាពិសេសអ្នកទេសចរ និងអ្នកជំនួញមកពីអឺរ៉ុប ឬមជ្ឈិមបូព៌ា មកកាន់ប្រទេសកម្ពុជា។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលរូបនេះ បានមានប្រសាសន៍បន្ថែមថា អាកាសចរណ៍ស៊ីវិលកម្ពុជា កំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយនៅតែបន្តទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ និងដៃគូអាកាសចរណ៍ក្នុងតំបន់។
លោកសង្កត់ធ្ងន់ថា ទោះបីជាប្រទេសកម្ពុជាមិនប្រឈមមុខនឹងការគំរាមកំហែងផ្នែកអាកាសចរណ៍ផ្ទាល់ក៏ដោយ ក៏ឥទ្ធិពលនៃរលកនៃការរំខានដែនអាកាសពីមជ្ឈិមបូព៌ាអាចជាប៉ះពាល់ដល់កាលវិភាគហោះហើរ ថ្លៃសំបុត្រយន្តហោះ និងលំហូរអ្នកដំណើរ និងទំនិញទាំងមូលដែរ។ អាកាសចរណ៍ស៊ីវិលកម្ពុជា (SSCA) បាននិងកំពុងតាមដានសភាពការណ៍ដោយប្រុងប្រយ័ត្ន និងត្រៀមឆ្លើយតបដើម្បីកាត់បន្ថយផលជះជាអវិជ្ជមាន៕

