Smart saver cctime web bannertif

ក្រសួងកសិកម្ម កំពុងជំរុញយ៉ាងសកម្មនូវទស្សនាទានលើសន្តិសុខស្បៀង «មានប្រើ មានបាន និងមានរហូត»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

សៀមរាប៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីគោលនយោបាយក្នុងវិស័យកសិកម្ម ដែលផ្តោតអាទិភាពលើការធានាសន្តិសុខស្បៀង ការលើកកម្ពស់ជីវភាពកសិករ និងការរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ និងទស្សនាទាន "មានហូប មានប្រើ មានបាន និងមានរហូត" ដែលក្រសួងកំពុងជំរុញអនុវត្តយ៉ាងសកម្ម។ ប្រសាសន៍នេះត្រូវបានថ្លែងឡើងនាឱកាសជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្មឃុំ-សង្កាត់ នៅក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានសង្កត់ធ្ងន់ថា សន្តិសុខស្បៀង ទាំងសម្រាប់កសិករ ទាំងសម្រាប់ប្រជាពលរដ្ឋអ្នកទទួលទានក្នុងស្រុក មិនថាក្នុងកាល:ទេស:ណា ឬសេដ្ឋកិច្ចកម្ពុជារីកចម្រើនយ៉ាងណា គឺជាអាទិភាពខ្ពស់បំផុតនៃវិស័យកសិកម្មកម្ពុជា។

លោក ឌិត ទីណា ក៏បានលើកឡើងពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលកំពុងជួយដល់បងប្អូនកសិករនៅទូទាំងប្រទេសលើបច្ចេកទេសផលិតកម្ម ការសម្របសម្រួលទីផ្សារ ការរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និងការប្រមូលផ្តុំជាសហគមន៍កសិកម្មទំនើប ដោយសម្រេចបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ក្នុងការលើកស្ទួយជីវភាពប្រជាកសិករ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកទឹកចិត្តឱ្យមន្ត្រីកសិកម្មឃុំ ចេះសម្របសម្រួលជាមួយរដ្ឋបាលឃុំ-ស្រុក មន្ទីរកសិកម្ម និងអង្គភាពពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពការងារ និងបន្តយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋតាមតួនាទីភារកិច្ច ដើម្បីទទួលបានការគាំទ្រ និងទំនុកចិត្តកាន់តែច្រើនថែមទៀតដែលអាចបើកឱកាសឱ្យប្អូនៗចាប់យកតួនាទីក្នុងក្រុមប្រឹក្សាឃុំ-ស្រុក-ខេត្ត នាពេលអនាគត។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្មឃុំចំនួនជាង ២០០នាក់ ក្នុងខេត្តចំនួន៤ គឺកំពង់ធំ, ព្រះវិហារ, ឧត្តរមានជ័យ និងសៀមរាប៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង