Smart saver cctime web bannertif

ក្រសួងកសិកម្មលើកទឹកចិត្តឱ្យក្រុមហ៊ុននាំចូល ប្រមូលទិញ«ផលវារីវប្បកម្មក្នុងស្រុក» ឱ្យអស់សិន មុននាំចូលបន្ថែម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងកសិកម្ម លើកទឹកចិត្តឱ្យសមាគមអ្នកនាំចូលត្រូវប្រមូលទិញផលវារីវប្បកម្ម ពីផលិតកម្មនៅក្នុងស្រុកឱ្យអស់ជាមុនសិន មុននឹងស្នើសុំនាំចូលបរិមាណបន្ថែម ដើម្បីបំពេញតម្រូវការរបស់ទីផ្សារ។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម "ក") នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។

ជាលទ្ធផល អង្គប្រជុំបានសម្រេចនូវចំណុចសំខាន់ៗចំនួន៤ គឺទី១ ក្រសួងកសិកម្មតម្រូវឱ្យសមាគមអ្នកនាំចូលត្រូវប្រមូលទិញផលវារីវប្បកម្ម ពីផលិតកម្មនៅក្នុងស្រុកឱ្យអស់ជាមុនសិន មុននឹងស្នើសុំនាំចូលបរិមាណបន្ថែម ដើម្បីបំពេញតម្រូវការរបស់ទីផ្សារ។ ទី២ ក្រសួងកសិកម្ម អនុញ្ញាតការនាំចូលសម្រាប់ប្រភេទត្រី ដែលផលិតកម្មក្នុងស្រុកមិនមាន និងបរិមាណផលិតមិនអាចបំពេញតម្រូវការគ្រប់គ្រាន់នៅលើទីផ្សារជាក់ស្តែង។ ទី៣ ក្រុមហ៊ុននាំចូលត្រូវគោរពតាមច្បាប់ជាធរមាន ពោលគឺត្រូវនាំចូលស្របទៅតាមបរិមាណដែលបានអនុញ្ញាតនៅក្នុងលិខិតអនុញ្ញាត។ ករណីមិនអនុវត្តតាម នោះក្រុមហ៊ុននឹងទទួលពិន័យតាមច្បាប់ជាធរមាន និងចុងក្រោយក៏សម្រេឱ្យសមាគម ផលិតករ និងអ្នកពាក់ព័ន្ធនឹងប្រជុំបច្ចេកទេសជាមួយសភាពាណិជ្ជកម្មកម្ពុជា។

គួរបញ្ជាក់ថា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្មផ្នែកឯកជន នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម "ក") នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះដែរក៏មានការចូលរួមពីសំណាក់ សមាជិក សមាជិកា ក្រុមការងារ វិស័យឯកជន អ្នកធ្វើវារីប្បកម្ម និងប្រជាសហគមន៍នេសាទ ក្នុងគោលបំណង ពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់អ្នកប្រកបវារីប្បកម្មនៅកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង